អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាចំហរមួយកាលពីព្រលប់ថ្ងៃទី២០កញ្ញា ឆ្នាំ២០១១ ដោយប្រតិកម្មទៅនឹងការអះអាងរបស់អតីតរដ្ឋមន្ត្រីការ បរទេសថៃ លោក កាស៊ីត ភិរម្យ ដែលត្រូវបានចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២០កញ្ញា ឆ្នាំ២០១១ដែលមានចំណងជើងថា " កាស៊ីតវាយប្រហារហ៊ុនសែន ដែលបានជ្រៀតជ្រែក" ។
តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សម្តេចតេជោហ៊ុន សែន មិនដែលកាន់ជើងគណបក្សភឿថៃ ឬក៏ជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃម្តងណាឡើយ។ ប៉ុន្តែវាជាការពិតដែលកម្ពុជាបានសម្តែងការសាទរ ចំពោះជ័យជម្នះរបស់គណបក្សភឿថៃនៅក្នុងការបោះឆ្នោតជាតិក្នុងប្រទេសថៃកាលពីខែកក្កដា។
ជ័យជម្នះរបស់គណបក្សភឿថៃបានបញ្ចប់នូវការឈ្លាន ពានប្រឆាំងនឹងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។លើសពីនេះទៅទៀត អ្នកនាំ ពាក្យក្រសួងការបរទេសកម្ពុជាបានប្រកាសថា ដូចការគូសបញ្ជាក់កន្លងមក គឺប្រទេសកម្ពុជាមិនដែលបានផ្តល់ទីជម្រកដល់ក្រុមមេដឹកនាំអាវក្រហមថៃ ឬក៏អនុញ្ញាតផ្តល់ដែនដីឲ្យក្រុមណាមួយ ដើម្បីប្រើប្រាស់ ប្រឆាំងនឹងប្រទេសថៃឡើយ។



































