ប៉ាលេស្ទីនបានដាក់ពាក្យសុំចូលជាសមាជិកពេញសិទ្ធិរបស់អ.ស.ប. ជាផ្លូវការហើយបើទោះបីជាដំណើរការនីតិវិធីអាចនឹងចំណាយពេលរាប់ខែក៏ដោយ។ ការធ្វើបែបបនេះពីព្រោះតែលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីន ម៉ះមូដ អាបាស់ (Mahmoud Abbas) ចង់បង្ខំសហគមន៍អន្តរជាតិឲ្យប្រញាប់បង្កើតរដ្ឋប៉ាលេស្ទីនឯករាជមួយឲ្យបានឆាប់។ តើហេតុអ្វីបានជាការបង្កើតប្រទេសប៉ាលេស្ទីនឯករាជមួយ នៅជាប់នឹងប្រទេសអ៊ីស្រាអែលជាការមួយពិបាក? សូមស្តាប់ការពន្យល់បំភ្លឺរបស់លោក ប៉ែន បូណា
សំលេងៈ
អត្តបទៈសំណើរបស់ប៉ាលេស្ទីនដែលចង់ក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិបាន និងកំពុងបន្តធ្វើឲ្យអង្គការកំពូលពិភពលោកឈឺក្បាល។ បញ្ហានៅត្រង់ថា ប៉ាលេស្ទីនមិនដែលមានលក្ខន្តិកជារដ្ឋមួយឯករាជទេ។ ប្រវត្តិសាស្ត្ររបស់រដ្ឋមួយនេះពោពេញដោយរឿងរ៉ាវស៊ីសាច់ហុតឈាមគ្នាជាងមួយសតវត្សរ៍មកហើយក្នុងជម្លោះរវាងប្រជាជនអារ៉ាប់និងប្រជាជនជ្វីហ្វ(Juif)។ បន្ទាប់ពីកាត់ចេញពីចក្រភពអូតូម៉ង់(Empire ottoman) នៅក្រោយសង្គ្រាមលោកលើកទី១ ដែនដីប៉ាលេស្ទីនត្រូវបានចក្រភពអង់គ្លេសត្រួតត្រាចាប់ពីឆ្នាំ១៩២០ ដល់ឆ្នាំ១៩៤៨ ដោយមានការអនុញ្ញាតពីសហគមន៍អន្តរជាតិ ។
គួររំលឹកថា នៅដើមសតវត្សរ៍ទី២០ ពួកជ្វីហ្វដែលទទួលរងការរើសអើង បានផ្តើមចាកចេញពីទ្វីបអឺរ៉ុបមករស់នៅប៉ាលេស្ទីន។ ពួកគេមានបំណងបង្កើតរដ្ឋអ៊ីស្រាអែលមួយនៅលើដែនដី ប៉ាលេស្ទីនដែលក្រុមជ្វីហ្វចាត់ទុកជាដែនដីដូនតារបស់ពួកគេ។ តាំងពីពេលនោះមក ពួកអារ៉ាប់ដែលជាម្ចាស់ដី និងសហគមន៍ជ្វីហ្វបានប៉ះទង្គិចគ្នាឥតឈប់ឈរ។ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ អំពើប្រល័យពូជសាសន៍ជនជាតិជ្វីហ្វដែលអនុវត្តដោយរបបណាហ្ស៊ី (Nazie) អាល្លឺម៉ង់ដឹកនាំដោយ Hitler បានជំរុញពួកជ្វីហ្វ នៅអឺរ៉ុបនិងនៅអាមេរិកចូលទៅរស់នៅលើទឹកដីប៉ាលេស្ទីនកាន់តែច្រើនឡើងជាលំដាប់។
ទីបំផុត នៅខែវិច្ឆិកាឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិបានសម្រេចពុះប៉ាលេស្ទីនជាពីរចំណែកដោយមួយចំណែកប្រគល់ឲ្យទៅពួកជ្វីហ្វ និងចំណែកទៀតប្រគល់ទៅឲ្យពួកអារ៉ាប់។ ប៉ុន្មានខែក្រោយមក គឺនៅថ្ងៃទី១៤ឧសភាឆ្នាំ១៩៤៨ សហគមន៍ជនជាតិជ្វីហ្វក៏បានប្រកាសបង្កើតរដ្ឋអ៊ីស្រាអែលឡើង។ ប៉ុន្តែមួយថ្ងៃក្រោយការចាប់បដិសន្ធិឡើងនៃរដ្ឋអ៊ីស្រាអែល បណ្តាប្រទេសអារ៉ាប់ជិតខាងបានផ្តើមនាំគ្នាតាមកំទេចរដ្ឋថ្មីថ្មោងមួយនេះ។ នេះគឺជាបុព្វហេតុដែលធ្វើឲ្យសង្គ្រាមផ្ទុះឡើងបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ១៩៧៣។
ផលវិបាកសែនធ្ងន់ធ្ងរនៃសង្គ្រាមនេះបានធ្លាក់ទៅលើប្រជាជនអារ៉ាប់ប៉ាលេស្ទីនជាង ៧០ម៉ឺននាក់ដែលបានបាត់បង់អស់ទឹកដីរបស់ខ្លួនក្រោមការលេបត្របាក់របស់អ៊ីស្រាអែល។ ពួកគេបានក្លាយជាជនភៀសខ្លួនចេញទៅរស់នៅក្នុងបណ្តាប្រទេសជិតខាងដូចជានៅស៊ីរី អេហ្ស៊ីបនិង លីបង់។ ចំណែកពលរដ្ឋអារ៉ាប់ប៉ាលេស្ទីនជាង២០ម៉ឺននាក់ផ្សេងទៀតបន្តរស់នៅលើដែនដីប៉ាលេស្ទីនដែលកាន់កាប់ទាំងស្រុងដោយអ៊ីស្រាអែល។
ម្យ៉ាងទៀត ស្ថានភាពនៅប៉ាលេស្ទីនសព្វថ្ងៃ ក៏ជាផលវិបាកនៃការអនុវត្តន៍កិច្ចព្រមព្រៀងអូស្លូ (Oslo) ឆ្នាំ១៩៩៣។ កិច្ចព្រមព្រៀងសន្តិភាពនេះ បានតម្រូវឲ្យបង្កើតរដ្ឋអំណាចប៉ាលេស្ទីនមួយដែលត្រូវគ្រប់គ្រងដែនដី Gaza និងដែនដី Cisjordanie។ ប៉ុន្តែតាមពិត រដ្ឋអំណាចប៉ាលេស្ទីនរបស់លោក ម៉ះមូដ អាបាស់ ដែលទទួលស្គាល់អ៊ីស្រាអែលអាចកាន់កាប់បានតែដែនដី Cisjordanie ទេ រីឯដែនដី Gaza វិញ បានធ្លាក់ទៅក្នុងកណ្តាប់ដៃពួកប៉ាលេស្ទីនជ្រុលនិយម Hamas ដែលមិនព្រមទទួលស្គាល់អ៊ីស្រាអែល និងនៅតែចង់កំទេចប្រទេសគូរសត្រូវមួយនេះ។
រដ្ឋអំណាចប៉ាលេស្ទីននិងរដ្ឋាភិបាលអ៊ីស្រាអែលមើលមុខគ្នាមិនចំរយៈពេលជាងមួយទសវត្សរ៍កន្លងមកហើយ ដោយហេតុថា ម្យ៉ាងពួកជ្វីហ្វនៅតែបន្តធ្វើអាណានិគមនៅក្នុងដែនដីដែលខ្លួនកាន់កាប់ដដែលដូចជានៅ Gaza ជាដើម។ ម្យ៉ាងទៀត រដ្ឋអំណាចប៉ាលេស្ទីន និងរដ្ឋាភិបាលអ៊ីស្រាអែលដណ្តើមគ្នាចង់បានទីក្រុង Jérusalem ដែលជាទីក្រុងសក្ការៈយកមកធ្វើជារដ្ឋធានីតែរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនប៉ាលេស្ទីនជាងពីរលាននាក់ពីបណ្តាប្រទេសអារ៉ាប់ជិតខាង ក៏ជាចំណោទដែលគ្មានដំណោះស្រាយដែរ។
ទាំងនេះសុទ្ធសឹងជាឧបសគ្គនៃការបង្កើតរដ្ឋប៉ាលេស្ទីនឯករាជមួយ។ គឺនៅក្នុងស្ថានភាពទ័លច្រកបែបនេះហើយបានជាលោក ម៉ះមូដ អាបាស់ បានសម្រេចចិត្តដាក់ពាក្យសុំចូលជាសមាជិកពេញសិទ្ធិរបស់ អ.ស.ប.តែម្តងនៅពេលនេះ៕


































