​នៅ​ត្រី​​មាន​​ទី​ពីរ​ឆ្នាំនេះ ​ឥណ្ឌា​នាំចូល​​មាស​​កើន​ឡើង​​ទ្វេដង​

ប្រទេស​ឥណ្ឌា​ដែល​ល្បីល្បាញ​ថា ប្រើប្រាស់​មាស​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​នោះ​សម្រាប់​ត្រីមាស​ទី​ពីរ ឆ្នាំ​២០១៣​នេះ ប្រទេស​មួយ​នេះ​បាន​នាំ​ចូល​មាស​កើន​ឡើង​​ជាង​​ពីរ​ដង បន្ទាប់​ពី​តម្លៃ​មាស​​បាន​ធ្លាក់ចុះ​កាលពី​​ខែ​មេសា​​កន្លងមក​។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក។

ប្រភព​ដដែល​បង្ហាញថា ការនាំ​ចូល​មាស​នៅ​ប្រទេស​ឥណ្ឌា បាន​កើនឡើង​រហូត​ដល់ ៣៣៨តោន នៅ​ត្រីមាស​ទី​ពីរ ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​ដែល​បាន​នាំ​ចូល​​ចំនួន​១៥៣តោន​ប៉ុណ្ណោះ។​

​ក្រុមប្រឹក្សា​មាស​ពិភពលោក​បាន​ឲ្យដឹង​បន្ត​ថា តម្រូវការ​មាស​សរុប​បាន​កើនឡើង​៧១​ភាគរយ ដល់​៣១០​តោន ពោល​គឺ​តម្រូវកា​រមាស​ដុំ និង​កា​សមាស​បាន​កើនឡើង​រហូត​ដល់ ១២២​តោន ហើយ​ចំណែក ការលក់​គ្រឿងអលង្ការ​បាន​កើនឡើង ៥១ភាគរយ ដល់​១៨៨តោន ។

​គួរបញ្ជាក់​ថា ដោយសារ​តែ​កំណើន​នៃ​ការ​នាំចូល​មាស​ដ៏​ខ្ពស់​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​​ឥណ្ឌា​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​មាស​ជា​លើក​ទី​បីនា​ក្នុង​ឆ្នាំនេះ ដើម្បី​គ្រប់គ្រង​​ឱន​ភាព​​ថវិកា ដែល​មាន​កម្រិត​ខ្ពស់​បំផុត និង​បាន​ធ្វើឲ្យ​ប្រាក់​រូពី ធ្លាក់​ថ្លៃ​ដល់​តម្លៃ​ទាប​បំផុត។

យ៉ាងណាក្តី​សហព័ន្ធ​ពាណិជ្ជកម្ម​ត្បូង​មាន​តម្លៃ និង​គ្រឿងអលង្ការ​របស់​ឥណ្ឌា បានឲ្យដឹងថា ការដំឡើង​អត្រាពន្ធ​ខ្ពស់ និង​បទ​ប្បញ្ញត្តិ​របស់​ធនាគា​រ​កណ្តាល​ឥណ្ឌា​ទាក់ទង​នឹង​ការ​ទិញ​មាស​ពី​បរទេស​នេះ បាន​កាត់បន្ថយ​ការនាំ​ចូល​មាស​នៅ​ឆមាស​ទី​ពីរ​ក្នុង​ឆ្នាំ​២០១២ ពី​ចំនួន ៤៧៨​តោន មក​នៅត្រឹម​ចំនួន​ប្រហែល​ពី​១៥០តោន និង​បាន​ជំរុញ​ឲ្យមាន​ការ​រត់​ពន្ធ​មាស​​ទៀត​ផង៕(ដោយៈថា ថៃ)​

Vayo FM Song Request