នៅ​ខែ​កក្កដា​ឱនភាព​ពាណិជ្ជកម្ម​រ​បស់​ជប៉ុនកើនឡើង​​ជិត​ទ្វេដង

​យោង​តាម​ទិន្នន័យ​ផ្លូវការ​​ដែល​បាន​ចេញផ្សាយ​​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បានអោយដឹងថា កាលពី​ខែកក្កដា​កន្លងទៅ ឱនភាព​ពាណិជ្ជកម្ម​រ​បស់​ប្រទេស​ជប៉ុន​បាន​​កើនឡើង​ជិត​ពីរ​ដង ដោយ​សារ​តែ​ការធ្លាក់​ថ្លៃ​ប្រាក់​យ៉េន បាន​ធ្វើ​ឲ្យ​ការចំណាយ​លើ​​ការ​នាំចូល​ថាមពល​របស់​​ប្រទេស​មួយ​នេះ​ហក់​ឡើង​ខ្ពស់បើទោះជា​ការនាំ​ចេញ​បាន​កើន​ឡើង​ក៏​ដោយ ។​
​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​បាន​រាយការណ៍​ថា ឱនភាព​មាន​កម្រិត​ខ្ពស់​ជាង​ការរំពឹងទុក​នេះ គឺ​មាន​រហូត​ដល់ជាង​១០,៥ពាន់​លាន​ដុល្លារក្នុង​ខែកក្កដា ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០១២ ដែល​ឱនភាព​មាន​កម្រិត​ត្រឹមតែ៥២៨,៥៥ពាន់​លាន​យ៉េន​ប៉ុណ្ណោះ​។

យ៉ាងណាក្តីលោក Hideki Matsumura អ្នកវិភាគ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជប៉ុន ឱនភាព​នេះ​អាច​នឹង​ថយចុះ​វិញ​ជា​បណ្តើរៗ ខណៈ​ដែល​ការនាំចេញ​អាច​នឹង​មាន​កម្រិត​ខ្ពស់​ជាង​ការ​នាំចូល ដោយសារ​ឥទ្ធិពល​ប្រាក់​យ៉េន​។​

​​ឱនភាព​ពាណិជ្ជកម្ម​នេះ​​បាន​កើតមានឡើង​នៅពេល​ដែល​ទំហំ​នាំចេញ​បាន​ហក់ឡើង ១២.២ ភាគរយ​នៅ​ខែ កក្កដា ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន ដោយសារ​កំណើន​​តម្រូវការ​ខ្ពស់​នៅ​អាមេរិក និង​ប្រទេស​ចិន​ក៏​ដូចជា​នៅ​តំបន់​អឺរ៉ុប​ផង​ដែរ​៕(ដោយៈថា ថៃ)

Vayo FM Song Request