វៀតណាមនឹង​បង្កើត​​ព្រលាន​យន្តហោះ​ទី​ពីរ​

ក្រសួង​ដឹកជញ្ជូន​វៀតណាម​បានឲ្យដឹងថា ទីក្រុង​ហូ​ជី​មី​ញ ចាំបាច់​ណាស់ ក្នុង​ការសាងសង់​ឲ្យមាន ព្រលាន​យន្តហោះ​ថ្មី​មួយ និង​ជា​ព្រលាន​ទី​ពីរ ដើម្បី​បន្ធូរបន្ថយ​ការកកស្ទះ​ចរាច​រណ៍​នៅ​អាកាសយានដ្ឋាន ដែល​មាន​ស្រាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​ដែល​ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម។​

​ក្រសួង​ដឹកជញ្ជូន​វៀតណាម បាន​ផ្ញើ​លិខិត្ត​ស្នើ​សុំ​ទៅ​កាន់​រដ្ឋាភិបាល​រួចហើយ ដែលមាន​ខ្លឹមសារ ចង់ឲ្យ​បង្កើត​ព្រលាន​យន្តហោះ​ថ្មី​មួយ ដែល​មានឈ្មោះ​ថា Long Thanh  ជំនួស​ឲ្យ​ការពង្រីក​ព្រលានយន្តហោះTan Son Nhat។​

តាម​គម្រោង បានបង្ហាញ​ថា ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ នឹង​មាន​ចម្ងាយ​ប្រហែល៤០គីឡូម៉ែត្រ​នៅ​ភាគ​ឦសាន​ទីក្រុង​ហូជីមិញ ត្រូវបាន​ប៉ាន់ស្មាន​ថា នឹង​ចំណាយ​ទឹកប្រាក់​ចំនួន៨ពាន់​លាន​ដុល្លារ។ ព្រលាន​ថ្មី​នេះនឹង​សាងសង់​លើ​ផ្ទៃដីទំហំ៥ ,០០០ហិកតា ដែល​អាច​ទទួល​អ្នក​ធ្វើ​ដំណើរ​ចំនួន​រហូត​ដល់១០០លាន​នាក់​ក្នុង​មួយ​ឆ្នាំ ។​

​គួរបញ្ជាក់​ថា ព្រលានយន្តហោះTan Son Nhat ដែល​មាន​រយៈ​ចម្ងាយ​ប្រហែល៦គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ហូជីមិញ នឹង​មិន​អាច​មាន​សមត្ថភាព​ទទួលភ្ញៀវ​បាន​តទៅទៀត​ទេ​នៅ​ក្រោយ​ឆ្នាំ២០២០ ខណៈ​ដែល​គេ​ព្យាក​រថា នឹងមាន​អ្នកធ្វើ​ដំណើរ​លើស​ពី​សមត្ថភាព​របស់​ព្រលាន​នេះ ដែល​ផ្ទុក​បាន​អតិបរមា​ចំនួន២៥លាន​នាក់​នោះ ។

គម្រោង​ថ្មី​នេះ​ត្រូវបាន​អនុវត្ត​ដោយ​នាយករដ្ឋមន្ត្រី​វៀតណាម ហើយ​ដំណាក់កាល​សាងសង់​ដំបូង​អាច​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ និង​បញ្ចប់​នៅ​ឆ្នាំ​២០២០​ខាងមុខ៕ (ដោយៈថា ថៃ)

Vayo FM Song Request