​ធនាគា​រ​ហុង លី​អុង ​បើកសម្ពោធ​​ឲ្យ​ដំណើរ​កា​រ​ជា​ផ្លូវ​ការ​នៅ​​កម្ពុជា​ជា​​លើក​ដំបូង

នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ២០១៣​ធនាគា​ហុង លី​អុង(​ខេ​ម​បូឌា)​ភីអិលស៊ី (Hong leong Bank Cambodia plc) ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សាខា​ដំបូង​បំផុត​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​ក្រោម​អធិបតីភាព​ដ៏​ខ្ព​ង​ខ្ពស់​របស់​ឯកឧត្តម​ជា​ ចាន់តូ ​អគ្គ​ទេ​សា​ភិបាលធនាគារជាតិ​នៃ​កម្ពុជា។

ពិធី​សម្ពោធ​អោយ​ដំណើរការ​ជា​ផ្លូវការ​នេះ​បាន​ចូលរួម​កាត់​ខ្សែបូ​ដោយ​លោក Joe Farrugia​នាយក​ប្រតិបត្តិ​ធនាគារ ហុង លី​អុង​(​ខេ​ម​បូឌា​)ភីអិលស៊ី អម​ដោយ​លោក​Tan Sri QuekLeng Chan អគ្គនាយក​គ្រប់​គ្រប់​នៃ​សម្ព័ន្ធ​ហុង លី​អុង និងលោក​Raymond Choong​អគ្គនាយក​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​ធនាគារ​ហុង លី​អុង ព្រមទាំង​សមាជិក​គណៈ​ក្រុម​ប្រឹក្សាភិបាល​ជាច្រើន​រូប​ផ្សេងទៀត។

​នាយក​ប្រតិបត្តិ​ធនាគារ​ហុង លី​អុង លោក​Joe Farrugia​ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា កម្ពុជា គឺ​ជា​គោលដៅ​ដ៏​គួរឲ្យ​ទាក់ទាញ​មួយ​ក្នុង​ដំណើរការ​ពង្រីក​ខ្លួន​ក្នុង​តំបន់​របស់​យើង   ហើយ​​នៅ​​ថ្ងៃ​នេះ លោក​​បាន​​សម្តែង​ក្តី​រីក​រាយ​ឥតឧបមា​ដែល​បាន​បើកទ្វារ​ជា​ផ្លូវការ​នៅ​កម្ពុជា​។

លោក​រំពឹងទុក​ថា ធនាគារ​ហុង លី​អុង នឹង​ដើរតួ​យ៉ាង​សំខាន់​មួយ​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ទាំងមូល​តាមរយៈ​ការផ្តល់​សេវាកម្ម និង​ផលិតផល គួបផ្សំ​នឹង​បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ ដែល​ធនាគា​មួយ​នេះ នឹង​យក​មក​ជាមួយ ។

​ជាមួយគ្នានេះ​លោកជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​ជាតិ​នៃ​កម្ពុជា​ក៏​បាន​ថ្លែង​អបអរសាទ​យ៉ាង​ក្រៃលែង​ចំពោះ​គណៈ​គ្រប់គ្រង​ធនាគារ​​ហុង លី​អុង(​ខេ​ម​បូឌា)​ភី​អិល​ស៊ី ដែល​​​ខិតខំ​ពង្រីក​​បណ្តាញ​សេវា សាខា ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​នា​ពេល​នេះ តាម​រយៈ​​ការ​បើក​​បុត្ត​សម្ព័ន្ធ​​របស់​​ធនាគា​រ​នា​ពេល​នេះ។

លោក​បន្តថា ការបើក​ឲ្យ​ដំណើរការ​ជា​បុត្ត​សម្ព័ន្ធ​នៅ​កម្ពុជា​នា​ពេល​នេះ​បាន​ឆ្លុះបញ្ចាំង ពី​កំណើន​ជឿទុកចិត្ត​ការគាំទ្រ និង ការរួមចំណែក​កាន់តែ​ច្រើន​របស់​វិនិយោគិន​បរទេស ជាពិសេស​វិនិយោគិន​ម៉ាឡេស៊ី​ចំពោះ​ទីផ្សា​នៅ​កម្ពុជា។

ដែល​មាន​និន្នាការ​កើនឡើង​ក្នុង​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា ព្រមទាំង​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​ ការ​រឹតបន្តឹង​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ជាពិសេស បាន​រួមចំណែក​ដល់​ការធ្វើសមាហរណកម្ម​វិស័យ​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ឆ្ពៅទៅ​សម្រេច​គោលដៅ​នៃ​ការបង្កើត​សហ​គមន៍​​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ខាងមុខ ។

​គួរបញ្ជាក់​ថា ក្នុង​ដំណាក់កាល​ដំបូង​នេះ​ធនាគារ ហុង លី​អុង នឹងដាក់​ដំណើរការ​សេវាកម្ម​ធនាគារ​ចំនួន​ប្រាំមួយ​ប្រភេទ រួមមាន គណនី​សន្សំ គណនី​ចរន្ត ផ្ទេរប្រាក់ និង សេវា​​ធនាគារ​ពាណិជ្ជកម្ម អាជីវកម្ម​សំរាប់​ក្រុមហ៊ុន និង​កម្ចី​ទិញ​ផ្ទះ​៕

Vayo FM Song Request