​រដ្ឋាភិបាល​ថៃ​នៅ​មិនទាន់​កំណត់​​តម្លៃ​ទិញ​ស្រូវ​ពី​​កសិករ​នៅ​ឡើយ​

​រហូតមក​ទល់​ហ្នឹង​ពេលនេះ រដ្ឋាភិបាល​ថៃ នៅ​មិនទាន់​ប្រកាស​កំណត់​តម្លៃ​សន្យា​ទិញស្រូវ​ថ្មី នា​រដូវ​ប្រមូល​ផល​ធំ សម្រាប់​ឆ្នាំ២០១៣-២០១៤ នៅឡើយ​ទេ ដោយសារ​ក្រុម​កសិករ​ថៃ នៅតែ​មាន​ទស្សនៈ​ខុសគ្នា ចំពោះ​តម្លៃ​សន្យា​ទិញស្រូវ ដែល​ពួកគេ​អាច​ទទួលយកបាន ។​

​កាលពី​ចុង​សប្តាហ៍​មុន ក៏​មាន​វេទិការ​ពិភាគ្សាគ្នា​ដែរ​អំពី​ការ​ដាក់​តម្លៃ​ទិញស្រូវ រវាង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Niwatthamrong Bunsongphaisan និង​អ្នកតំណាង​របស់​សមាគម​កសិករ​ចំនួន​បួន។ ក៏​ប៉ុន្តែ​យ៉ាងណាក្តីក្រុម​កសិករ នៅតែ​មិន​ទាន់​ឯកភាព​គ្នា​ចំពោះ​ជម្រើស​ដែល​ពួគេ​ពេញចិត្ត​នៅឡើយ​។

​គួរបញ្ជាក់​ថា រដ្ឋាភិបាល​ថៃ ដឹកនាំ​ដោយ​លោកស្រី យី​ង ឡាក់ ស៊ីនាវ៉ាត្រា បាន​ផ្តល់​ជម្រើស​ពីរ​សម្រាប់​តម្លៃ​សន្យា​ទិញ​ស្រូវ​ពី​ក្រុម​កសិករ​របស់ខ្លួន។​នោះ គឺ​ជម្រើស​ទីមួយ គឺ​បន្ត​ទិញស្រូវ​ក្នុងតម្លៃ១៥ពាន់​បាត​ក្នុង​មួយ​តោន​ដដែល តែ​កាត់បន្ថយ​ការសន្យា​ទិញស្រូវ ក្នុង​តម្លៃ​នេះ​មក​នៅ​ត្រឹម​តែ​ម្តង​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំព្រម​ទាំង​ទិញ ​ពី​គ្រួសារ​កសិករចំនួន​ត្រឹមតែ៥០ម៉ឺន​បាត​ក្នុង​មួយ​គ្រួសារ ។​

​ដោយឡែក ជម្រើស​ទី​ពីរ​វិញ គឺ​ទម្លាក់​តម្លៃ​សន្យា​ទិញស្រូវ​នេះ មក​នៅត្រឹម​តម្លៃ ១៣ ពាន់​បាត​ក្នុង​មួយ​តោន និង​បង្កើន​កម្មវិធី​ទិញស្រូវ​នេះ រហូត​ដល់​ពីរដង​ក្នុង​មួយ​ឆ្នាំ។ រីឯ​បរិមាណ​ទិញស្រូវ​វិញ​នោះ នឹង​ត្រូវ​កាត់បន្ថយ​ម​ក​នៅត្រឹម ៣០ ម៉ឺន​បាត​ក្នុង​មួយ​គ្រួសារ​។​

​លោក Niwatthamrong បន្ត​ឲ្យដឹង​ទៀតថា រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា ២៥០ ពាន់​លាន​បាត ស្មើរ​នឹង​ជាង៧,៨ ពាន់​លាន​ដុល្លារ សម្រាប់​ជម្រើស​នី​មួយៗ​ព្រមទាំង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​កាត់បន្ថយ​ការខាតបង់​មិនឲ្យ​មាន​ចំនួន​ច្រើន​ជាង១០០ ពាន់​លាន បាត​។

ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ ក៏​បាន​បញ្ជាក់ថា បើ​ក្រុម​កសិករ​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​ទេនោះ ការកំណត់​តម្លៃ​សន្យា​ទិញស្រូវ នឹង​ត្រូវ​តែ​ពន្យារពេល​ជា​បន្ត​ទៀត៕(ដោយៈ ថា ថៃ)

Vayo FM Song Request