ព័ត៌មានចុងក្រោយ:

ការនាំ​ចេញ​​​​​របស់​​កម្ពុជា​​​កើន​ឡើង​​២០% នៅ​​ឆមាស​​ទី​១ ​

យោងតាម​ការចេញផ្សាយ​ដោយ​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃនេះ​បានឲ្យដឹងថា ការនាំចេញ​សរុប​របស់​កម្ពុជា​បាន​កើន​ឡើង​ជាង​២០ភាគរយ​នៅ​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៣​នេះ បើ​​ធៀប​​នឹង​​រយៈ​ពេល​​ដូច​គ្នា​​កាល​ពី​​ឆ្នាំ​២០១២​។

មូលហេតុ​ដែល​ធ្វើឲ្យ​ការនាំចេញ​របស់​កម្ពុជា​ស្ទុះ​ឡើង​នេះ ​ដោយ​សារ​​តែ​​សេដ្ឋ​កិច្ច​​នៅ​តាម​​បណ្តា​​ប្រទេស​​នាំ​ចេញ​​កំពុង​តែ​​ល្អ​ប្រសើរ​ ​និង​​ងើប​​ឡើង​​វិញ​ឥតឈប់ឈរ​។ នេះ​បើ​តាម​ការ​អះ​អា​របស់​អ្នកជំនាញ និង​សេដ្ឋវិទូ ។​

​កាលពី​សប្តាហ៍​មុន​ក្រសួង​ពាណិជ្ជកម្ម​បានបង្ហាញ​ទិន្នន័យ​ផ្លូវការ​មួយ​ថា ការនាំ​ចេញ​សរុប​ក្នុង​រយៈពេល​នេះ​មានតម្លៃ​ជាង ៣​ពាន់​លាន​ដុល្លារ ​ពោល​គឺ​កើន​ឡើង​ជាង​២៦ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន។​

​ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា លោក Suzuki Hiroshi បាន​និយាយថា កម្ពុជា​នៅតែ​ទទួល​បាន​កំណើន​នៃ​ការនាំ​ចេញ​​ឆ្ពោះ​​ទៅ​បណ្ដា​ប្រទេស​នាំចេញ​សំខាន់ៗ​របស់ខ្លួន​ដូចជា អាមេរិក និង​សហភាព​អឺរ៉ុប ព្រមទាំង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​ដូចជា​ប្រទេស​ជប៉ុនជាដើម។

លោក​បន្តថា ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​កាន់តែ​ល្អប្រសើរ​នៅ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន​នោះ​ហើយ ទើប​ការនាំ​ចេញ​​របស់​​កម្ពុជា​ហាក់ដូចជា ទទួល​បាន​កំណើន​ដ៏​ល្អ​ឥតឈប់ឈរ​នាពេលនេះ​។

​គួរបញ្ជាក់​ថា បើ​យោង​តាម​ទិន្នន័យ​នេះ​ការនាំ​ចេញ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​សរុប​បាន​កើនឡើង​ជិត ២០​ភាគរយ​រហូតដល់​២,៥ពាន់​លាន​​ដុល្លារ ហើយ​ការនាំ​ចេញ​ផលិតផល​ក​សិកម្ម​​មានតម្លៃ ២៩៣លាន​ដុល្លារ​កើន​ជិត​៤០​ភាគរយ ៕

Vayo FM Song Request