អាមេរិក​-​អង់គ្លេស​ទទូច​ឲ្យ​UN ដាក់​គំនាប​ស៊ីរី​បញ្ហា​អាវុធ​គីមី

អាមេរិក អង់គ្លេស និង បារាំង បានអត្ថាធិប្បាយថា របាយការណ៍ការ​ប្រើប្រាស់​អាវុធ​គីមីនៅស៊ីរី ដែលបាន​ធ្វើបទ​បង្ហាញ​ដោយ​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ វាល្មម​គ្រប់គ្រាន់​ ក្នុងការ​ដាក់គំនាប​បន្ថែម​ទៅ​លើ​រដ្ឋអំណាច​ស៊ីរី។ ព្រោះវា​ពិតប្រាកដ​ណាស់​ថា លោក​ប្រធានាធិបតី​ស៊ីរី អាស្សាដ បានប្រើប្រាស់​​អាវុធ​គីមី​​ទៅលើ​ក្រុម​ឧទ្ទាម​កាលពីថ្ងៃទី ២១ ខែសីហា ដែលបាន​សម្លាប់​មនុស្ស​ជាង ១ ពាន់នាក់។​​ប្រទេស​មហាអំណាច​ទាំង ៣ បានធ្វើការសន្និដ្ឋាន​ចំពោះ​របាយការណ៍​ថា មានតែ​របប​លោក Bashar al-Assad តែមួយគត់​ប៉ុណ្ណោះ ដែលត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នោះ។

ក៏ប៉ុន្តែ​សម្រាប់​​រុស៊្សី​វិញ​ ដែលជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី បានចេញមុខ​អះអាង​ការពារ​លោក​អាស្សាដ​ថា រដ្ឋអំណាចស៊ីរី មិនអាចជា​អ្នកទទួល​ខុសត្រូវ​​​ចំពោះ​បញ្ហានេះ​​ជាដាច់ខាត។

កាលពីជាងពីរ​សប្តាហ៍មុន ក្រុមអ្នកត្រួតពិនិត្យ​របស់​អង្គការ​សហប្រជាជាតិ បានបញ្ចប់​ការស្រាវជ្រាវ របស់ខ្លួន ក្នុងកម្មវត្ថុ​ស្វែង​រកធាតុពិត​នៃការ​ប្រើប្រាស់​អាវុធគីមី ដែល​គេបានចោទ​ប្រកាន់​ ចំពោះ​រដ្ឋាភិបាល​លោក អាសាដ ថា បានវាយប្រហារ​អាវុធគីមី​ចំពោះ​ក្រុមឧទ្ទាម​កាលពីថ្ងៃទី ២១ ខែ សីហាកន្លងទៅ នៅទីក្រុងដាម៉ាស ប្រទេសស៊ីរី ដែលកាលណោះ​បានសម្លាប់​មនុស្ស​ប្រមាណ​ជាង ១ពាន់នាក់។

គួររម្លឹកថាកាលពីថ្ងៃសុក្រកន្លងទៅ អគ្គលេខាធិការ​អង្គការ​សហប្រជាតិលោក Ban Ki-moon បានធ្វើការ ចោទប្រកាន់​ដោយត្រង់ៗ​ចំពោះលោក ប្រធានាធិបតីស៊ិរី Bashar al-Assad ថា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ប្រឆាំងទៅនឹង​មនុស្សជាតិ​ជុំវិញការប្រើបា្រស់​អាវុធគីមី។

បញ្ហានៅស៊ីរី​ចាប់តាំងពីមានការវាយប្រហារ​ក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ២១ ខែ សីហា កន្លងទៅ ដែល​បណ្តាលឲ្យ​មនុស្សជាង ១ពាននាក់​បានស្លាប់មក ភាពតានតឹង​រវាង ស៊ីរី និង ប្រទេសមហា​អំណាច ជាពិសេស​អាមេរិក​តែម្តង​បានកើនឡើង​យ៉ាងខ្លាំង ព្រោះ ប្រទេសទាំងនេះ​បានចោទប្រកាន់ថា វាជាករណីប្រើប្រាស់​អាវុធគីមី​របស់​រដ្ឋាភិបាលស៊ីរី។ ប្រទេសបារាំង និង​សហរដ្ឋ​អាមេរិក សុទ្ធតែបាន តាំងចិត្តរួចរាល់​ហើយថា នឹងរួមគ្នា​កម្ទេច​ របបអាស្សាដ ចោល​ប្រសិនបើ​ស៊ីរី​មិនព្រមបោះបង់​អាវុធ គីមី​ទេនោះ ។

ចំណែកប្រទេសមហាអំណាចធំៗពីរទៀត គឺចិន និងរស្ស៊ីវិញ បានបដិសេធ​ដាច់អហិង្កា​ចំពោះការចង់​អន្តរាគមទៅ​លើ​រដ្ឋាភិបាល​ស៊ីរី​ របស់​រដ្ឋាភិបាល​អាមេរិក​ផងដែរ។ មិនតែប៉ុណ្ណោះ ប្រទេស​ទាំងពីរនេះ បានប្រកាសថា នឹងជួយស៊ីរី​ប្រសិនបើ អាមេរិក​បើកការវាយប្រហារ​មែននោះ។

ជម្លោះហែកហួរ​នៅក្នុងប្រទេស​ស៊ីរី បានអូស បន្លាយអស់​រយៈពេល៣០ ខែទៅហើយ ដែលបានបណ្តាល ជីវិតមនុស្ស ជាង១​សែននាក់ ត្រូវបានសម្លាប់​យ៉ាងវេទនា​បំផុតក្រោមភ្លើង​សង្គ្រាម រវាងក្រុមអ្នកប្រឆាំង និង កងទ័ព​រដ្ឋាភិបាល​ស៊ីរី ។ ដោយជា ធីរិទ្ធ

Vayo FM Song Request