​មេដឹកនាំ​​អ៊ីរ៉ង​​បញ្ជាក់​​ជា​ថ្មី​​ថា ប្រទេស​​ខ្លួន​មិន​​ផលិត​​អាវុធ​នុយ​ក្លេអ៊ែរ​ទេ​

“​យើង​មិន​ដែល​ធ្វើ​សកម្មភាព​ណា​ដើម្បី​ផលិត​អាវុធ​ប្រល័យ​លោក​ឡើយ សូម្បី​តែ​អាវុធ​នុយក្លេអ៊ែរ ហើយ​យើង​នឹង​មិន​ធ្វើ​វា​ជា​ដាច់ខាត​​”​។ នេះ​ជា​ការ​លើក​ឡើង​​របស់​​លោក លោក Hassan Rouhani ជា​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង ថ្លែង​នៅក្នុង​បទ​សម្ភា​ន៏​ជាមួយនឹង​បណ្តាញ​សារ​ព័ត​មាន​របស់​អាមេរិក​។

ជា​ការលើកឡើង​ក្រោយពេល​ដែល​ប្រធានាធិបតី​អ៊ីរ៉ង​រូបនេះ បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក អូ​បា​ម៉ា ទាក់ទង​នឹង​ការបើក​កិច្ចចរចា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​Tehran​។

លោក Hassan Rouhani បញ្ជាក់ថា លិខិត​ដែល​ទទួលបាន​ពី​មេដឹកនាំ​អាមេរិក​នោះ គឺជា​សញ្ញា​ដ៏​វិជ្ជមាន​មួយ​សម្រាប់​ដំណើរការ​នៃ​យល់ចិត្ត​គ្នា​លើ​កម្មវិធី​នុយក្លេអ៊ែរ​។

នៅ​សប្តាហ៏​ក្រោយនេះ ប្រធានាធិបតី​របស់​អ៊ីរ៉ង​នឹង​ទៅ​ចូលរួម​មហាសន្និបាត​របស់​អង្ក​ការ​សហប្រជាជាតិ​នា​ទីក្រុង ញូវយ៉ក​សហរដ្ឋអាមេរិក​។ កាល​ពី​ថ្មីៗ​នេះដែរ រដ្ឋាភិបាល​ថ្មី​របស់​អ៊ីរ៉ង ក៏​បាន​ធ្វើ​ការដោះ​លែង​​អ្នក​ទោស​នយោបាយ​​ចំនួន​១១​នាក់​ផង​ដែរ ទៅ​តាម​ការសន្យា​មុនពេល​ឡើងកាន់តំណែង​។

ប្រការនេះ ក៏​ត្រូវបាន​គេ​មើលឃើញថា អ៊ីរ៉ង​កំពុង​ចាប់ផ្តើម​កំណែរ​ទំរង់​បណ្តើរៗ​ហើយ​។ បើ​តាម​ការស្រាវជ្រាវរ​បស់​អង្គការ​អន្តរជាតិ​​មួយ​​ចំនួន​បានបង្ហាញ់​ថា មាន​​អ្នក​ទោស​នយោបាយ​​ជិត​​៨០០​នាក់ កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង​។

​គេ​បានដឹងហើយថា ប្រទេស​អ៊ីរ៉ង​ត្រូវបាន​អង្គការសហប្រជាជាតិ​និង ក្រុម​បណ្តា​ប្រទេស​លោកខាងលិច​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជាច្រើន​ដង ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ព្រោះ​ប្រទេស​ទាំងនោះ​ចោទប្រកាន់ថា អ៊ីរ៉ង​កំពុង​ចំរាញ់​សារធាតុ​អ៊ុយ​រ៉ា​ញូម ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​។

តាមរយៈ​ទណ្ឌកម្ម​ទាំងអស់នេះ អ៊ីរ៉ង​បាន​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​យ៉ាងខ្លាំង​តែ​ទោះបីជា​យ៉ាងនេះក្តី​ប្រទេស​នេះ​នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ដដែល​។

យ៉ាងណាក៏ដោយ​ក្រោយពេល​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីរ៉ង​ដែល​ដឹកនាំ​ដោយ​លោក Hassan Rouhani ឡើង​កាន់​អំណាច​នាពេល​ថ្មីៗ​នេះ​មក ដំណើរការ​ឆ្ពោះ​ទៅ​រក​​កិច្ច​ចរចា​​ហាក់ដូចជា មាន​ភាព​ប្រសើរ​ជាង​មុន បើ​ប្រៀបធៀប​ទៅ​នឹង​មេដឹកនាំ​ចាស់​។

ព្រោះ​នៅ​ពេល​លោក Hassan Rouhani ឡើងកាន់​តំណែង​នោះ លោក​បាន​ប្រកាស​ហើយ​ថា រដ្ឋាភិបាល​របស់​ខ្លួន​នឹង​ព្យាយាម​ដោះស្រាយ​ដ៏​ស្មុគស្មាញ់​ជា​មួយ​នឹង ប្រទេស​មហាអំណាច​ឲ្យបាន​ឆាប់រហ័ស ដើម្បី​បង្កើន​កិច្ចសហការណ៏​ជាមួយ​គ្នា​ឡើង​វិញ​។​(ដោយៈអ៊ុន រស្មី)​

Vayo FM Song Request