​លោក​ស្រី អ៊ុង ​សាន​​ស៊ូ​ជី​​ បំពេញ​​ទស្សនកិច្ច​៥​​ថ្ងៃ​​នៅ​សិង្ហ​បុរី​

ដំណើរ​ទស្សនកិច្ច​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី​ មេដឹកនាំ​លទ្ធិ​ប្រជាធិបតី​មី​យ៉ាន់​ម៉ា​ទៅកាន់​ប្រទេស​សិង្ហ​បុរី​នេះ គឺ​មាន​រយៈពេល​៥​ថ្ងៃ ហើយ​ក្នុងនោះ​លោក ស្រី​​ត្រូវ​ចូលជួប​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​​ជា​ច្រើន​រូប​​ផង​ដែរ ក្នុងនោះ​ក៏​មាន​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី ស៊ាន​ឡុង​។

ក្រៅ​ពី​ជំនួប​ជាមួយនឹង​មេដឹកនាំ​សិង្ហ​បុរី លោកស្រី អ៊ុង សាន​ស៊ូ​ជី ត្រូវធ្វើ​បទ​បង្ហាញ់​នៅ​តាម​សាកលវិទ្យាល័យ​ល្បីៗ​របស់​សិង្ហ​បុរី​ផងដែរ​។ សូមបញ្ជាក់​ថា ដំណើរ​​ទស្សនកិច្ច​ទៅកាន់​ប្រទេស​សិង្ហ​បុរី​រយៈពេល​៥​ថ្ងៃនេះ គឺធ្វើឡើង​២​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោកស្រី អ៊ុង សាន​ស៊ូ​ជី​ ត្រឡប់មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​​ចំនួន​៣​នៅ​តំបន់​អ៊ឺរ៉ុប​។​

​ជា​ការកត់សម្គាល់​ប្រទេស​សិង្ហ​បុរី​កំពុង​បង្កើន​ការវិនិយោគ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ស្របពេល​ដែល​ប្រទេស​មួយ​នេះ​កំពុង​ត្រូវការ​ប្រភព​ដើមទុន ប្រភព​ធនធាន​មនុស្ស និង​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ការកែ​ទំរង់​វិស័យសេដ្ឋកិច្ច ឆ្ពោះទៅរក​ការអភិវឌ្ឍ​ន៏​ឲ្យបាន​ឆាប់រហ័ស​ ដោយ​នៅ​គិ​ត្រឹមខែ​កក្ដដា​២០១៣​នេះ ទំហំ​វិនិយោគទុន​សរុប​របស់​សិង្ហ​បុរី​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​ចំនួន​ ២​,៣​៥៨​លាន​​ដុល្លា​អាមេរិក ដោយ​ផ្តោត​លើ​គម្រោង​​ចំនួន​៩០​។​

​ចំណែក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពី​ក៏​បាន​កើន​ឡើង​ផងដែរ​។ បើ​យោង​តាម​របាយ​ការណ៏​របស់​ប្រទេ​សសិង្ហបុរី​ឲ្យដឹងថា កាលពី​ឆ្នាំ ២០១២​កន្លងទៅ ទំហំ​​ពាណិជ្ជ​កម្ម​សរុប​រវាង ប្រទេស​ទាំងពី​មាន​ចំនួន​២​,​៧៨២លាន​ដុល្លា​អាមេរិក​។

ក្នុងនោះ​មី​យ៉ាន់​ម៉ា​បាន​នាំ​ទំនិញ​ទៅ​សិង្ហ​បុរី មាន​តម្លៃ​សរុបជិត ៣​រយ​​លាន​ដុល្លា ខណៈពេល​ដែល​សិង្ហ​បុរី​បាន​នាំ​ទំនិញ​ទៅកាន់​មី​យ៉ាន់ម៉ា​គិត​ជា​ទឹកប្រាក់​សរុប ប្រមាណជាង​២​ពាន់​លាន​ដុល្លា​អាមេរិក​។​(ដោយៈ​អ៊ុន រស្មី)​

Vayo FM Song Request