ព័ត៌មានចុងក្រោយ:

Venezuela​ចោទ​​អាមេរិក​​ថា ​មិន​ឲ្យ​​យន្តហោះ​​មេដឹក​នាំ​ខ្លួន​ហោះ​កាត់​​ដែនអាកាស​​អាមេរិក​

​ថ្លែង​ទាំង​កំហឹង​នៅ​ក្នុង​ទីក្រុង Caracas លោក Nicolas Maduro ប្រធានាធិបតី​របស់​ប្រទេស Venezuela ឲ្យដឹងថា សហរដ្ឋអាមេរិក​បាន​ធ្វើការ​បដិសេធ​ទៅនឹង​សំណើរ​សុំ​សិទ្ធ​ហោះហើរ​ឆ្លងកាត់​ដែនអាកាស​អាមេរិក ហើយ​ថា​នេះ គឺជា​ការបំពាន​ដ៏​ធ្ងន់ធ្ងរ​មកលើ​ប្រទេស Venezuela ទាំងមូល​។

នៅពេល​ខាងមុខ​នេះ លោក Nicolas Maduro មាន​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ហើយ​ផ្លូវ​ដែល​អាច​ហោះហើរ​ទៅកាន់​ប្រទេស​ចិន​បាន គឺ​ចាំបាច់​ត្រូវ​ឆ្លងកាត់​ដែនអាកាស​របស់​អាមេរិក​។

បើ​តាម​ការបញ្ជាក់​របស់​ប្រធានាធិបតី​រូប​នោះ​ដដែល បន្ថែមថា លោក​នឹង​មិន​លុបចោល​នូវ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ជា​ដាច់ខាត បើទោះបី​ជា មាន​​ការរំខាន​ពី​សហរដ្ឋអាមេរិក​ក្តី ហើយក៏​ទាមទា​ឲ្យ​អាមេរិក​បកស្រាយ​អំពី​មូលហេតុ​ទាំង​ទង​នឹង​ការ​មិន​ផ្តល់​សិទ្ធ​ហោះហើរ​នេះ​ផងដែរ​។

ក្រៅ​តែ​ពី​បញ្ហា​មិន​អាច​ហោះហើរ​ឆ្លងកាត់​ដែនអាកាស​របស់​អាមេរិក​នេះ លោក Nicolas Maduro ក៏​បាន​ចោទប្រកាន់​អាមេរិក​ផង​ដែរ​ថា មិន​បាន​ផ្តល់​ទិដ្ឋការ​ស​ម្រាប់​គណៈប្រត្តិភូ​រ​របស់​ប្រទេស​ខ្លួន​ក្នុង​ការ​ទៅ​ចូលរួម​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នា​ទីក្រុង​ញូវយ៉ក​នោះទេ​។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធានាធិបតី​របស់​ប្រទេស Bolivia គឺ​លោក Evo Morales ក៏​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ក្នុង​តំបន់​អាមេរិក​ឡាទីន​ទាំងអស់​បើក​កិច្ច​ប្រជុំ​បន្ទាន់ ដោយ​ស្នើរ​ឲ្យ​ដក​អគ្គរដ្ឋទូត​ចេញពី​ប្រទេស​អាមេរិក ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​ការបំពាន​របស់​អាមេរិក​ទៅលើ​ប្រទេស Venezuela​។

សូមបញ្ជាក់​ថា លោក Evo Morales ប្រធានាធិបតី​របស់​ប្រទេស Bolivia​ក៏​ធ្លាប់​រង​ការ​អាម៉ាស​ម្តង​រួចទៅហើយ ដោយ​ប្រទេស​ក្នុង​តំបន់​អ៊ឺរ៉ុប​មួយចំនួន​ក្នុង​នោះ​មាន​​បារាំង​ជា​ដើម​ដែល​សុទ្ធ​ជា​សម្ព័នមិត្ត​អាមេរិក​បាន​ឃាត់​មិន​ឲ្យ​យន្តហោះ លោក Evo Morales ហោះហើរ​ឆ្លងកាត់​ឡើយ ដោយ​សង្ស័យ​ថា Edward Snowden​​ជិះ​លើ​យន្តហោះ​នោះ​។

​សូមបញ្ជាក់​ថា ទំនាក់ទំនង​របស់​ប្រទេស Venezuela និង អាមេរិក​តែងតែ​ប្រឈមមុខ​ដាក់​គ្នា​ជានិច្ច​តាំងពី​ជំនាន​អតីត​ប្រធាន​ធិបតី លោក Hugo Chavez​ដែល​ទើបតែ​ស្លាប់​ដោយសារ​ជម្ងឺមហារីក​កន្លង​ទៅ​នោះ​ម្លេះ​។

ជា​ញយ​ដង​ប្រទេស​ទាំងពី តែងតែ​ចេញ​មុខ​រិះគន់​ដាក់គ្នា​ទៅវិញទៅមក​។ ក្រៅ​តែ​ពី​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​ស្រាប់​នោះ សូម​រម្លឹក​បន្តិច​ថា កាល​ពី​អាមេរិក​កំពុង​ប្រកាស​តាម​ចាប់​អតីតមន្ត្រី​CIA គឺ​លោក Edward Snowden ប្រទេស Venezuela​ក៏​បាន​ប្រកាស​ស្វា​គម​ន៏​ផ្តល់​សិទ្ធ​ជ្រកកោន​ផងដែរ​។

មិនតែប៉ុណ្ណោះ​លោក Nicolas Maduro ក៏​ធ្លាប់​និយាយ​ផ្ទាល់មាត់​ដោយ​ចា​ត​ទុក Edward Snowden ថា ជា​បុក្គលដ៏​អស្ចារ្យ​សម្រាប់​ពិភពលោក​តាមរយៈ​និយាយ​ប្រាប់​ពី​អំពើរ​អាក្រក់​របស់​អាមេរិក​។ បញ្ហា​ទាំងនេះ​ក៏​បាន​ធ្វើឲ្យ​អាមេរិក​ដែល​មិន​ចូល​ចិត្ត​ប្រទេស​Venezuela ស្រាប់​ផង​កាន់តែ​ខឹង​ថែម​ទៀត​។​​(ដោយៈអ៊ុន រស្មី)​

Vayo FM Song Request