​ចិន​ត្រៀម​​ខ្លួន​​ជជែក​ជាមួយ​​ជប៉ុន​​ប្រសិន​ណា​ បើ​ជប៉ុន​ទទួល​ស្គាល់​ថា​​សមុទ្រ​ចិន​​ខាងកើត​​ជា​ទឹកដី​​មាន​​ជម្លោះ​

រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​ថ្លែង​ការ​ពីថ្ងៃ​សុក្រ​ម្សិលមិញ​ថា រដ្ឋា​ភិ​បាល​​ក្រុង​វ៉ាស៊ីនតោន​បាន​ត្រៀម​ខ្លួន​រូ​ច​ជា​ស្រេច​ហើយ ដើម្បី​ជួប​ពិភាក្សា​ជា​មួយ​​នឹង​រដ្ឋាភិបាល​ជ​ប៉ុន ប្រសិនណាបើ​ជប៉ុន​យល់ព្រម​ទទួល​ស្គាល់​ថា ទឹក​ដី​នៅ​ប្រជុំ​កោះ​សេ​កា​គូ​ជា​ភាសា​ជប៉ុន និង​ទៀវ​យូ​ជា​ភាសា​ចិន​នោះគឺជា​ប្រជុំ​កោះ​ដែល​កំពុង​មាន​ជម្លោះ​។​

​ជា​បឋម​សូម​បញ្ជាក់​បន្តិច​ថា ប្រជុំ​កោះ​នេះ​បច្ចុប្បន្ន​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ជប៉ុន ប៉ុន្តែ​ចិន​កំពុង​តែ​ទាមទារ​ថា​ជា​ទឹកដី​របស់​ខ្លួន​។ អ្វី​ដែល​ចិន​ទាមទារ​ចង់បាន​ពី​ជប៉ុន​នៅពេលនេះ គឺ​ចង់​ឲ្យ​ជប៉ុន​ទទួល​ស្គាល់​យ៉ាង​ហោច​ណាស់​ថា អធិបតេយ្យ​ដែនដី​នៅលើ​ប្រជុំ​កោះ​នេ គឺ​ពិតជា​កំពុង​ជាប់​មាន​ជម្លោះ​ពិតមែន​។​

ការណ៍​នេះ​ជា​ចំណុច​ដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​តែងតែ​បដិសេធ​យ៉ាង​ដាច់អហង្ការ​មិន​ទទួលស្គាល់​ដោយ​ប្រកាន់​ជំហ​រថា ប្រជុំ​កោះ​នេះ​ស្ថិតក្នុង​ដែន​អធិប​តេយ្យ​​របស់​ជប៉ុន​ដោយ​មិន​អាច​ប្រកែក បាន​និង​ដោយ​គ្មាន​ជម្លោះ​អ្វីដែល​ត្រូវ​ដោះស្រាយ​នោះទេ​។​

​នៅ​ចំពោះ​សេនារីយោ​បែបនេះហើយ ទើប​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​លោក រដ្ឋមន្ត្រីការបរទេស​ចិន វាង យី បាន​ថ្លែង​ផ្ញើ​សារ​ទៅកាន់​រដ្ឋាភិបាល​ជប៉ុន​ថា រដ្ឋ​អំណាច​ក្រុង​ប៉េកាំ​ង​បាន​ត្រៀម​ខ្លួន​រូ​ច​ជាស្រេច​ហើយ ដើម្បី​ជួប​ពិភាក្សា​គ្នា​ស្តី​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងកើត​ជាមួយនឹង​រដ្ឋអំណាច​ក្រុង​តូ​ក្យូ​។

ក៏ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន​រូបនេះ​បានបញ្ជាក់​ជំនួប​ពិភាក្សា​នឹង​កើតមាន​ដរាបណា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្រម​ទទួលស្គាល់​ថា ទីកន្លែង​ប្រជុំ​កោះ ដែល​ជប៉ុន​ហៅថា សេ​កា​គូ និង​ចិន​ហៅថា ទៀវ​យូ កំពុងតែ​មាន​ជម្លោះ​ពិត​ប្រក​ដ​មែន​។​

​សូម​រម្លឹកថា រាល់​ទំនាក់ទំនង​ផ្នែក​ការទូត​រវាង​ចិន និង​ជប៉ុន​ត្រូវ​បាន​ជាប់គាំង​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១២​មក ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​ប្រមូល​ទិញ​កោះជាប់​ជម្លោះ​ជាមួយ ចិន​យកមក​ដាក់​ជា​សម្បត្តិ​រដ្ឋ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាជន​ចិន​ផ្ទុះ​កំហឹង​។

​ចាប់ពីពេលនោះ​មក​មេដឹកនាំ​ចិន​តែងតែ​បាន​បដិសេធ​មិន​ជួប​សម​ភាគី​ជប៉ុន​នៅក្នុង​ជំនួប​ពហុភាគី​នានា​ដែល​មាន​វត្តមាន​ប្រទេស​ទាំង​ពីរ​។ ការប្រឈមមុខ​ដាក់​​គ្នា​ក៏​តែងតែ​កើតមាន​ជារឿយៗ រវាង​កង​ល្បាត​សមុទ្រ​ចិន និង​ជប៉ុន​នៅ​ជុំវិញ​ប្រជុំ​កោះ​ជាប់​ជម្លោះ​ដែល​ជប៉ុន​ហៅថា សេន​កា​គូ ហើយ​ដែល​ចិន​ហៅថា ទៀវ​យូ​៕​(ដោយៈ​ជា ធីរិទ្ធ)​

Vayo FM Song Request