សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន គ្រោងនឹងដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុម ធ្វើដំណើរឆ្ពោះទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៩ ចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១១ សប្តាហ៍ក្រោយនេះ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់កាសែត អង់គ្លេស The Cambodia Herald នៅថ្ងៃ១១វិច្ឆិកា ឆ្នាំ២០១១ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកោះបាលីប្រមុខដឹកនាំអាស៊ាន និងមេដឹកនាំដៃគូរបស់អាស៊ាន នឹងពិភាក្សាអំពីបញ្ហាសកល និងបញ្ហានៅក្នុងតំបន់ រួមទាំងគ្រោះទឹកជំនន់នៅក្នុងប្រទេសសមាជិកអាស៊ានដូចជា នៅប្រទេសថៃ កម្ពុជា ហ្វីលីពីន និងប្រទេសវៀតណាម បូករួមទាំងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាជាច្រើនទៀតរបស់អាស៊ាន។ អំឡុងពេលកិច្ចប្រជុំនៅកោះបាលី កម្ពុជាក៏នឹងត្រូវត្រៀមទទួលតំណែងជាប្រធានផ្លាស់វេនអាស៊ានសម្រាប់ឆ្នាំ២០១២ ផងដែរ។




































