សហភាពអឺរ៉ុប បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងប្រទេសចាយលុយអឺរ៉ូពី ១,៨ ភាគរយ មកនៅត្រឹម០,៥ ភាគរយ សម្រាប់ឆ្នាំ ២០១២ ខាងមុខនេះ។ អត្រានៃការបន្ថយកំណើនសេដ្ឋកិច្ចនេះមានកំរិតខ្ពស់បំផុតបើប្រៀបធៀបទៅនឹងការព្យាការណ៏កាលពីលើកមុន។ នាយករដ្ឋមន្ត្រីអ៊ីតាលី Silvio Berlusconi (ស៊ីលវីយ៉ូ ប៊ែឡូស្កូនី) ថ្លែងថា វិបត្តិនៅក្នុងប្រទេសចាយលុយអឺរ៉ូ នាពេល ថ្មីៗនេះ កំពុងតែ មានសភាពធ្ងន់ធ្ងរ ដូចនេះ ក្រុមមេដឹកនាំតំបន់ចាយលុយអឺរ៉ូទាំងអស់ត្រូវតែចាត់វិធានការជាបន្ទាន់ ប្រសិនបើមេដឹកនាំទាំងអស់នៅតែពន្យារពេលទៀត នោះបញ្ហានឹងកាន់តែមានគ្រោះថ្នាក់ធំឡើងៗ។ កំណើនសេដ្ឋកិច្ចទាបបានធ្វើឲ្យអឺរ៉ុបកាន់តែពិបាកក្នុងការគេចចេញពីវិបត្តិបំណុលជាមួយនឹងស្ថានភាពរបស់អ៊ីតាលី ដែលគេមើលឃើញថាគ្មាននិរន្តភាពទាល់តែសោះ។
ប្រទេសអ៊ីតាលី បានបង្កើនប្រាក់របស់ខ្លួនរហូតទៅដល់ ៥ពាន់លានអឺរ៉ូពីការចេញផ្សាយសញ្ញាប័ណ្ណថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែត្រូវបង់អត្រាការប្រាក់ចំនួន ០,០៨ ភាគរយដើម្បីខ្ចីលុយសម្រាប់រយៈពេលមួយឆ្នាំ។ ទីផ្សារហិរញ្ញវត្ថុ នៅតែមានស្ថានភាពមិននឹងនរកាលពីថ្ងៃព្រហស្បតិ៍ ខណៈថ្លៃដែលការខ្ចីប្រាក់ដ៏លើសលប់របស់អ៊ីតាលីកំពុងប្រឈមទៅនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃពុធ ទិន្នផលហ៊ុនលើសញ្ញាប័ណ្ណរយៈពេល១០ឆ្នាំ របស់អ៊ីតាលីបានកើនឡើងលើសពី ៧ភាគរយ ជាអត្រាដ៏ខ្ពស់បំផុតដែលមិនធ្លាប់មានចាប់តាំងពីប្រទេសចាយលុយអឺរ៉ូចាប់ផ្តើមមក។ ប្រសិនបើអ៊ីតាលីខ្ចីលុយនៅថ្ងៃសុក្រនេះនឹងត្រូវសងវិញក្នុងពេល ១០ឆ្នាំទៀតហើយ ប្រទេសនេះនឹងត្រូវបង់អត្រាការប្រាក់ច្រើនជាង ៧ភាគរយ ដែលអ្នកវិភាគភាគច្រើនមើលឃើញថានេះគឺអត្រាការប្រាក់មួយដែលគ្មាននិរន្តភាពនោះទេនៅថ្ងៃខាងមុខ៕
































