លោកជំទាវ Helen Clark ប្រធាន UNDP តំណាងជាន់ខ្ពស់នៃអង្គការសហប្រជាជាតិបានជម្រាបនៅក្នុងជំនួបជាមួយឯកឧត្តមប្រាក់ សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិង ជាប្រធាន កិច្ចប្រជុំលើកទី១១ រដ្ឋភាគីអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា ២០១១ នៅវិមានសន្តិភាពថា នៅពេលចូលជួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារសៀលថ្ងៃនេះ លោកជំទាវនឹងលើកឡើងអំពីអនុសញ្ញាមួយទៀតស្តីពីចលនាប្រឆាំង និងគ្រាប់បែកចង្កោមហើយលោកជំទាវ នឹងស្នើសុំឲ្យកម្ពុជាពិចារណាចូលរួមជាសមាជិករដ្ឋភាគីអនុសញ្ញាគ្រាប់បែកចង្កោមនេះដូចជាប្រទេសដទៃទៀតនៅលើពិភពលោក ។
នៅក្នុងជំនួបនោះដែរលោកជំទាវ បានសំដែងការអបអរសាទរចំពោះកម្ពុជាដែលបានតែងតាំងជាម្ចាស់ផ្ទះផង និងធ្វើជាប្រធានផង នៃកិច្ចប្រជុំរដ្ឋភាគីអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្សលើកទី១១។ លោកជំទាវក៏បានគាំទ្រចំពោះសមិទ្ធផលនានាដែលកម្ពុជាបានសម្រេចកន្លងមកក៏ដូចជា កិច្ចខិតខំប្រឹងប្រែងបន្តរហូតដល់ឆ្នាំ២០១៩។
ក្នុងនាមលោកជំទាវជាប្រធាន UNDP ដែលជាស្ថាប័នសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានានោះ លោកជំទាវនិងជួយស្វែងរកជំនួយ ដើម្បីជួយដល់វិស័យដោះមីននៅកម្ពុជាបន្ថែមទៀត។ លោកជំទាវបានបញ្ជាក់ថា ទោះបីជាការដោះមីននៅកម្ពុជាធ្វើបានច្រើនមកហើយក្តី ក៏ប៉ុន្តែការងារនេះត្រូវតែធ្វើជាបន្តទៀតព្រោះថា ការងារនេះត្រូវការពេលវេលា ត្រូវការថវិកាមិនថានៅកម្ពុជាទេ គឺនៅទូទាំងសកលលោកត្រូវតែជម្រុញការងារដោះមីននេះជាចាំបាច់។ លោកស្រី Helen Clark ក៏បានជូនពរឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះទទួលបានជោគជ័យផងដែរ។
ជាកិច្ចឆ្លើយតបឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះលោកជំទាវ ប្រធានដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់អង្គការសហប្រជាជាតិដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ហើយក៏សូមថ្លែងអំណរគុណចំពោះ UNDP ដែលជាដៃគូសហការល្អរបស់កម្ពុជាកន្លងមកហើយសង្ឃឹមថា UNDP នឹងបន្តជួយដល់កម្ពុជាជាបន្តទៀត៕





































