យោងតាមគេហទំព័រ របស់សាលារាជធានីភ្នំពេញបានអោយដឹងថា គិតចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៩ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១នេះមានរថយន្តចំនួន ៣០៧គ្រឿង បានបង្កអោយខូចខាតទ្រព្យសម្បត្តិសាធារណៈនៅក្នុងរាជធានីភ្នំពេញពិសេសវិមានករាជ្យ។ រថយន្តទាំង ៣០៧គ្រឿង បានបំផ្លាញ់ទីតាំងសំខាន់ៗមួយចំនួនដូចជា ខឿនថ្ម និង រនាំងដែកចែងចែកចរាចរណ៍ បង្គោលភ្លើងបំភ្លឺសាធារណៈ បង្គោលភ្លើង សញ្ញាចរាចរណ៍ បង្កាន់ដៃស្ពាន ដើមឈើ របងសត្យមុនីចេតីយ៍ វិមានឯករាជ្យ និងសួនច្បារជាដើម។
ដោយឡែកក្នុង ឆ្នាំ២០១១ មានរថយន្តបង្កហេតុចំនួន១២២ករណី។ យោងតាមសេចក្តីសំរេចរបស់ទីស្តីការគណរដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១១ និងសាលារាជធានីភ្នំពេញ រាល់រថយន្តដែលបង្កការខូចខាតដល់ទ្រព្យសម្បត្តិធារណៈ របស់ រដ្ឋ ត្រូវបានយកមករក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមរយៈការ ផាកពិន័យ ឬបញ្ជូនសំណុំឯកសារទៅតុលាការតែម្តង ប្រសិនបើករណីធ្ងន់ធ្ងរ។
តាមសេចក្តីប្រកាសរបស់សាលាក្រុងភ្នំពេញបានអោយដឹងថា កន្លងមកសាលារាជធានីភ្នំពេញក៍បានកសាងសំណុំរឿងបញ្ជូនទៅតុលាការសាលាដំបូងរាជធានីភ្នំពេញផងដែរ ក្នុងករណីរថយន្តបង្កគ្រោះថ្នាក់ធ្វើអោយខូចខាតទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ។ របាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ដែល ឈានដល់ការបំផ្លាញ់ទ្រព្យសម្បត្តិសាធារណនេះភាគច្រើនកើតឡើងដោយការបើកបរក្នុង ល្បឿនលឿនហួសកំណត់ មាន១២.៦៧%, មិនគោរពសិទ្ធអាទិភាព ៥.៧៣%, មិនប្រកាន់ស្តាំ ៨.៨២%, ប្រជែងគ្រោះថ្នាក់ ៣.៤១%, មិនគោរពភ្លើងសញ្ញាចរារចណ៍ ១.៩៨%, បើកបរ មិនប្រយ័ត្ន ៩.៣៧%, បើកបរក្នុងភាពស្រវឹង ៥.៩៥%, និង គ្រោះថ្នាក់ដែលបង្ករ ឡើងពីបញ្ហា ផ្សេងៗទៀតមានចំនួន២.០៩%។
រដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា គ្រោះថ្នាក់ចរាចរណ៍ជាគ្រោះមហន្តរាយធំទី២បន្ទាប់ពីជំងឺអេដសន៍។ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានអោយដឹងថា ក្នុងរយៈពេល១១ខែឆ្នាំ២០១១នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤.៦០៧ ករណី និងមានជនរងគ្រោះថ្នាក់ សរុបចំនួនជាង៩ពាន់នាក់ ដែលក្នុងនោះមានជនរងគ្រោះដល់ស្លាប់មានចំនួន ១.៧៣១នាក់ រងរបួសធ្ងន់ចំនួនជាង៤ពាន់នាក់ និងរបួសស្រាលជាង៣ពាន់នាក់។





































