សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនកំពុងតែពិភាក្សាគ្នាស្តីពីការបង្កើតវត្តមានយោធាអាមេរិកនៅក្នុងប្រទេសភីលីពីនដើម្បីជាការឆ្លើយតបនឹងការកើនឡើងកម្លាំងការពារជាតិរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត Washington Post កាលពីថ្ងៃព្រហស្បតិ៍។
កាសែតអាមេរិកាំងដដែលនិយាយថាការចរចារកំពុងស្ថិតក្នុងដំណាក់កាលដំបូងក៏ប៉ុន្តែកាសែតបានដកស្រង់សម្តីក្រុមមន្ត្រីរដ្ឋាភិបាលទាំងពីរដោយនិយាយថាពួកគេកំពុងឈានទៅរកកិច្ចព្រមព្រៀងជាមួយគ្នាក្នុងពេលឆាប់ៗនេះ។ បើយោងតាម Washington Postកិច្ចពិភាក្សាជាច្រើនថែមទៀតរវាងសហរដ្ឋអាមេរិក និងភីលីពីន គ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រនេះ នៅទីក្រុងវ៉ាស៊ីនតោននៅមុនពេលកិច្ចប្រជុំកំរិតខ្ពស់មួយដែលគ្រោងធ្វើនៅនៅខែមិនាខាងមុខនេះ។
គួរកត់សម្គាល់ថា កាលពីប៉ុន្មានខែថ្មីៗនេះសហរដ្ឋអាមេរិកក៏បានប្រកាសពីផែនការបង្កើតមូលដ្ឋានទ័ពម៉ារីននៅភាគខាងជើងប្រទេសអូស្ត្រាលី និង ដាក់នាវាចម្បាំងនៅប្រទេសសឹង្ហបុរីផងដែរ។ សកម្មភាពនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការប៉ុនប៉ងកាន់តែខ្លាំងឡើងរបស់អាមេរិកដើម្បីហ៊ុំព័ន្ធចិនខណៈដែលប្រទេសនេះកំពុងលូតលាស់ឆ្ពោះទៅរកប្រទេសមហាអំណាចពិភពលោកដ៏ធំមួយ។
ការប្រជែងអំណាចជាមួយចិននៅក្នុងតំបន់អាស៊ី និងប៉ាស៊ីភិកជាអ្វីដែលទីក្រុងវ៉ាស៊ីនតោនមិនបានលាក់លៀមឡើយ។ សហរដ្ឋអាមេរិកកំពុងតែក្រឡេកមើលប្រកបដោយមហិច្ឆតាមកកាន់អាស៊ីប៉ាស៊ីភិកដែលជាតំបន់សក្តានុពលមួយសមម្រាប់ការពង្រឹងឥទ្ធិពលរបស់មហាអំណាច៕



































