អង្គជំនុំជំរះវិសមញ្ញក្នុងតុលាការកម្ពុជា បានបន្តបើកសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលៗជាបន្តទៀតនៅថ្ងៃទី១កុម្ភៈនេះ ដោយផ្តោតសំខាន់លើការចងក្រងឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាCD-Cam។
នៅក្នុងអង្គសវនាការថ្ងៃនេះ គេឃើញមានវត្តមានរបស់លោកឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានឡើងធ្វើសក្ខីកម្មនៅចំពោះមុខអង្គជំនុំជំរះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម។ខុសពីសាក្សីមួយចំនួនដែលឡើងធ្វើសក្ខីកម្មដែលភាគច្រើនពាក់អាវធំ និងចងក្រវ៉ាត់ករនោះ កាលពីព្រឹកម៉ិញលោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានពាក់អាវខ្មៅ ខោខ្មៅ ប្រៀបដូចនឹងសម័យប៉ុលពតបានចូលឆ្លើយបំភ្លឺនៅថ្ងៃនេះ។
លោកឆាំង យុ ត្រូវឆ្លើយនឹងសំណួររបស់ចៅក្រមសហមេធាវីការពារក្តីសហព្រះរាជអាជ្ញាទាក់ទងនឹងយថាភាពនៃឯកសារ រឺការរៀបចំចងក្រងឯកសារក្នុងសម័យខ្មែរក្រហម ដែលត្រូវបានប្រើប្រាស់ជាភស្តុតាងនៅក្នុងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនេះ។




































