Friday, May 24th

Last update08:40:36 PM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត សម្រស់ ប្រាសាទ​​បន្ទាយស្រី

ប្រាសាទ​​បន្ទាយស្រី

នៅក្នុង​ខេត្ត​សៀមរាប​គឺ​សំបូរ​ដោយ​ប្រាសាទ​ល្បីៗ​ជាច្រើន​សំរាប់​អោយ​ភ្ញៀវ​ទេសច​កំសាន្ត​ទស្សនា​ប្រាសាទ​បន្ទាយស្រី​ ស្ថិតនៅក្នុង​ភូមិ​បន្ទាយ​ស្រី​ឃុំ​បន្ទាយស្រី​ស្រុក​បន្ទាយស្រី​ប្រហែល​៣២​គ​.​ម​ ពី​ក្រុង​សៀមរាប​ឃ្លាត​ពី​ស្រះស្រង់​២៧​គីឡូម៉ែត្រ​និង​មាន​ចំងាយ​៣២​គីឡូម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត​តាមផ្លូវ​ឆ្ពោះ​ទៅភ្នំ​គូ​លេន។ ប្រាសាទ​នេះកសាងឡើងនៅ​ពាក់កណ្តាល​ទី​២នៃ​សតវត្សរ៍​ទី​១០​ក្នុង​​រាជ​ព្រះ​បាទ​រាជេន្ទ្រ​វរ្ម័ន និង ព្រះបាទ​ជ័យវរ្ម័ន​ទី៥ ដែល​ឧទ្ទិស​កុ​សល​​​ដល់​ព្រហ្មញ្ញសាសនា។

ប្រាសាទ​នេះ​ជា​ប្រាសាទ​របស់​ព្រា​ហ្ម​ម្នាក់​ឈ្មោះ យ​ជ្ញ​វរ​ហៈ ដែល​ជា​គ្រូ​របស់ព្រះបាទ​ជ័យវរ្ម័ន​ទី៥​។ ប្រាសាទ​នេះពុំមែន​ជា​ប្រាសាទភ្នំ​ទេ តែ​ជា​ប្រាសាទ សង់​​រាប​ដី​មាន​រាង​តូច​ច្រឡឹង​សង់​ពី​ថ្មភក់​ពណ៌​កុលាប និង មានក្បាច់​ចំលាក់ដ៏​​ល្អ​​អស្ចារ្យ​គង់​វង្ស​​ល្អ។ ហោ​ជាងមាន​រាង​ត្រីកោណ និង​ស្នាមជើង​ឆ្មា​មាន​​ដង​ក្តា​​ច្រើន​ជាន់ និង​មាន​រចនា​ក្បាច់​រឿង​លើ​នោះ ។

ប្រាសាទបន្ទាយស្រី​គឺជា​ប្រាង្គ​ប្រាសាទ​មួយ​ក្នុងចំណោម​ប្រាសាទ​ជាច្រើន​នៅខេត្តសៀមរាប​អង្គរ​​ដ៏​​ល្បី​ល្បាញ​​នៅ​ក្នុងប្រទេស​កម្ពុជា​ក៏ដូចជា​នៅ​លើ​ពិភព​លោក​​​ដែរ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​មកពី​តំបន់​ជាច្រើន​។ ក្រុម​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ដទៃទៀត​នៅក្នុង​ទឹកដី​នៃខេត្តសៀមរាប តែងតែ​ឆ្លៀត​ចំណាយពេលធ្វើដំណើរ​ក្នុង​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ​ពី​ទី​រួម​ខេត្ត។

ប្រាសាទ​បន្ទាយស្រី​មាន​ឈ្មោះ​ល្បី ព្រោះ​វា​ត្រូវបាន​សាងសង់​ឡើង​ពីថ្ម​ផ្កាឈូក​ជាមួយ​នឹង​ក្បាច់ចម្លាក់​យ៉ាង​ល្អិត​ឆ្មារ​រស់​រវើក​ជាងគេ ដោយ​មាន​តួ​ប្រាង្គ​បី ដែល​​មាន​សភាព​ល្អឆើត​ឆាយ​ដូច​ស្រី​គ្រប់លក្ខណ៍​។ ប្រាសាទ​នេះ​សង់​លើដី​រាបស្មើ​មាន​រាង​តូច​ច្រឡឹង​ដោយ​ថ្មភក់​ផ្កាឈូក និង ឥដ្ឋ​រាង​៤​ជ្រុង​ទ្រវែង ហើយ​មាន​​គូ​​ទឹក​​ព័ទ្ធជុំ​វិញ​ប្រាង្គ​​ទាំង​បី​​នៃ​ប្រា​សាទ​​សង់​​បែរ​មុខ​​ទៅ​ទិស​ខាងកើត ហើយ​ប្រាង្គ​កណ្តាល​មាន​តម្កល់លិង្គព្រះឥសូ​រ ខាងត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញ​សាសនា និង​ខាងជើង​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​វិស្ណុ​។

ប្រាសាទបន្ទាយស្រី​កាលដើមឡើយ​មានឈ្មោះ​ថា "​ឥ​សូរបុរៈ​" ប្រែ​ថា "​បុរី​នៃ​ឥ​សូរ​" ប៉ុ​នែ្ត​សម័យ​ក្រោយៗ​មក​ទៀត​គេ​ហៅថា ប្រាសាទ​បន្ទាយស្រី​ទៅវិញ​ដោយ​សារ​តែ​រាង​តូច​ច្រឡឹង​និង​ក្បូរ​ក្បាច់រចនា​ដ៏​ស្រស់ស្អាត​និង​រស់​រវើក​នៅ​លើ​ផ្ទាំង​ថ្ម​ពណ៌‌​ផ្កាឈូក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រាសាទ​នេះ​បានទទួល​ការ​កោត​សរ​​​សើរ​​​ពី​​ភ្ញៀវ​ទេស​ចរ​​សឹង​​គ្រប់​រូប​​ថា ពិតជា​ស្រស់ស្អាត​ទោះបី​មាន​បរិវេណ​តូចចង្អៀត​បន្តិច​មែន​តែ​ទ្រង់ទ្រាយ​ប្រាសាទ​លំអ​ទៅ​ដោយ​ចម្លាក់​ផ្កា​ភ្ញី​នៃ​រឿង​រ៉ាវ​​ដែល​​ទាក់ទង​ទៅ​នឹង​លទ្ធិទេវរាជ​"​រឿង​រាមកេរ្តិ៏​ខែ្មរ​" មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចម្លាក់​នីមួយៗ​សុទ្ធតែ​មាន​លក្ខណៈ​រស់​រវើក​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រាសាទ​ដទៃ។

តាម​ឯកសារ​ប្រវត្តិសាស្ត្រ​អាណាចក្រ​ខ្មែរ​បាន​កត់ត្រា​ថា ប្រាសាទ​បន្ទាយស្រី​បាន​កសាង​ឡើង​ក្នុង​គ្រិស្ត​សករាជ​៩៦៧ ក្នុងរ​ជ​កាល​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​គឺ​មុន​ការកសាង​ប្រាសាទអង្គរវត្ត​និង​អង្គរធំ​ដោយ​ព្រហ្មណ៍​ម្នាក់​ឈ្មោះ យ​ជ្ញ​វ​រា​ហៈ​ដែល​ជា​ព្រះ​គ្រូ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា។

ប្រាសាទបន្ទាយស្រី​ធ្វើ​ពី​ថ្មភក់​ពណ៌​ស៊ី​ជម្ពូ និង​រំលេច​ដោយ​ទេពអប្សរ​ចំនួន​១៥០០ ដែល​ទេពអប្សរ​ទាំងអស់​សុទ្ធ​តែ​ខុសគ្នា ហើយ​លើសពីនេះ​សិលាចារឹក ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយស្រី​មាន​ក្បាច់​ល្អ​លើសពី​ក្បាច់ចម្លាក់​នៅលើ ប្រាសាទអង្គរវត្ត​ទៅទៀត​គឺ​ដូចជា​ក្បាច់​ដែល​បាន​ឆ្លាក់​លើ​ប្រាក់​លើ ស្ពាន់​ដូច្នេះ​ដែរ ។

បើ​តាម​មគ្គុទេសក៏​វិញ​បញ្ជាក់​ថា ព្រះបាទ​ជ័យ​រ្ម័នទី​៥ ទ្រង់​ជា​អ្នក​កសាង​ប្រាសាទ​នេះ​ដែល​តាម​សិលា​ចារឹ​ថា "​ឥ​សូរបុរៈ​" ឈ្មោះ​ត្រី​ភុវត​មហេស្វរៈ​ប្រែថា "​ស្ពាន​នៃ​ព្រះ​ឥសូរ​ជាធំ​ត្រៃភព​" ប្រែ​ថា "​បុរី​ព្រះ​ឥ​សូរ​" មិនមែន​ឈ្មោះ​បន្ទាយស្រី​ដូច​យើង​ស្គាល់​ទេ ។ ប្រាសាទ​នេះ​មាន​កំពែង​ថ្មបាយក្រៀម​ព័ទ្ធ​៣​ជាន់​មាន​ទីលាន​ក្រាល​ថ្ម​វែង​ទៅ ទិសខាងកើត មាន​គោ​បុរៈ​ប្រកប​ដោយ​ក្បាច់​វិចិត្រ នៅ​ចំ​កណ្តាល​ទីលាន​មាន​រោងទង​ខ្វាត់ខ្វែង​ក្រឡាចត្រង្គ​ចេញ​ទៅ​ខាង ជើង​មួយ ចេញ​ទៅ​ខាងត្បូង​បី​សុទ្ធសឹង​ប្រកបដោយ​ក្បាច់រចនា​ល្អ​វិចិត្រ ។

សព្វថ្ងៃ​នេះ​បាក់​ធ្លាក់​អស់​ហើយ​សល់​តែ​សរសរ​ច្រូងច្រាង​គួរអោយ​ស្តាយ​។ ប្រាសាទបន្ទាយស្រី​ជា​ប្រាសាទ​មួយ​ដែល​មាន​ក្បាច់រចនា​យ៉ាង​បញ្ចង់​ឆើត​ឆាយ​មាន​សន្ទឹក​ភ្ញីវល្លិ​វិលវង់​ល្អិត​ឆ្មា​ស្រស់​រស់​រវីកដែល​មើលទៅ​គួរអោយ​នឹកគិត​ឥត​មាន​ក្តី​ង្ស័​យ​ថា​"​ទេវតា​និមិ្មត​"។ សន្លឹក​ក្បាច់​មួយទងៗ​ដែល​វិលវង់​មូល​ក្រឡង់​​អាច​ទាញ​ភ្នែក​គយ​គន់មើល​ម្តង​ហើយ​ម្តងទៀត​និង​អោយ​ឈរ​ទ្រឹង​ភាំង​ភ្លេចខ្លួន​ជញ្ជក់មាត់​ដោយសេចក្តី​ស្ងើច​ថ្វីដៃ​សម្តែង​អោយឃើញថា សម័យ​កសាង​ប្រាសាទបន្ទាយស្រី​នេះ​ជា​សម័យ​នៃ​ការចេះដឹង​ស្ទាត់ជំនាញ​របស់​បុព្វបុរស់​ខ្មែរ​នា​សម័យ​នោះ ។

ប្រាសាទបន្ទាយស្រី​កន្លងមក​ត្រូវ​រង​នូវ​ភាព​មហន្តរាយ ដោយសារ​តែ​សង្គ្រាម​បាន​ធ្វើអោយ​ប្រាសាទ​បុរាណ​មួយ​នេះ​ខូចខាត​ខ្ទេចខ្ទីអ​ស់​យ៉ាង​ច្រើន។ របង​កំ​ពែង​​ការពារ​ខាងក្រៅ​ត្រូវបាន​គេ​ធ្វើការ​ជីក​គាស់​កាយ​រុករក​វត្ថុ​បុរាណ​កាលពី​អំឡុង​ប្រទេស​ស្ថិត​នៅក្នុង​សង្គ្រាម។ គំនរ​ដុំថ្ម​ប្រាសាទ​ត្រូវ​ទុក​រាយប៉ាយ​នៅមុខ​ប្រាសាទ។ តួ​ប្រាសាទ​ខាង​ក្នុង​មួយ​ភាគ​ត្រូវ​បាក់បែក​ស្រុត​ទ្រុឌ​ដែល​មើលទៅ​គួអោយ​សង្វេគ ។

    About Us
    Khana

Activities

Find us at Facebook

Contact Us