ប្រេងឆៅអាមេរិកបានកើនឡើងលើសពី១០៥ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃអង្គារដែលជាតម្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៩ខែកន្លងមកនេះ។ ការឡើងថ្លៃនេះដោយសារការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសអ៊ីរ៉ង់ទៅឲ្យតំបន់នៅអឺរ៉ុបនិងបញ្ហាការអនុម័តកញ្ចប់ថវិកា ដើម្បីជួយសង្គ្រោះដល់ប្រទេសក្រិច។
ប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួនទំនងប៉ះពាល់តិចតួចក្នុងការផ្អាកការផ្គត់ផ្គង់ប្រេងទៅអឺរ៉ុប។ អ្នកវិភាគនិយាយថា តម្លៃប្រេងកើនឡើងដោយសារការលក់ប្រេងរបស់ប្រទេសអ៊ីរ៉ង់ទៅឲ្យប្រទេសបារាំងមានចំនួនត្រឹមតែ៣ភាគរយ។
តម្លៃប្រេងដែលកើនឡើងនេះក៏ដោយសារ ដំណោះស្រាយកញ្ចប់ជំនួយថវិកាថ្មីសម្រាប់ប្រទេសក្រិច ដែលនឹងត្រូវអនុម័តស្របពេលមានសេចក្តីសម្រេចចិត្តរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរចិនក្នុងការពង្រីកទំហំនៃការផ្តល់ប្រាក់កម្ចី។
ម្យ៉ាងទៀត ធនាគារកណ្តាលចិនប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ខ្លួននឹងទម្លាក់អត្រាប្រាក់បម្រុង ហើយបណ្តាធនាគារនានានៅក្រោមឱវាទ ក៏ជាអ្នករក្សាទុកប្រាក់បម្រុងនោះដែរ។ ចំណែកដំណោះស្រាយលើកញ្ចប់ថវិកាក៏បានឈានដល់ភាពជោគជ័យសម្រាប់ ប្រទេសក្រិចក្នុងចំនួនទឹកប្រាក់១៣០ពាន់លានអឺរ៉ូ។

































