មនុស្ស៩នាក់ត្រូវបានបាញ់សម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងការតវ៉ាដ៏ហឹង្សាមួយដែលបានកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធទី២២ កុម្ភៈ។
អំពើហឹង្សាដែលបានកើតឡើងនៅក្នុងមូលដ្ឋានទ័ពអាមេរិកប្រចាំនៅប្រទេសនោះ បានកើតឡើងបន្ទាប់ពីក្រុមបាតុករជាង២ពាន់នាក់បានទទួលព័ត៌មានថា កងទ័ពNATOរបស់អាមេរិកបានដុតចោលគម្ពីរសាសនាអ៊ិស្លាមក្នុងនោះក៏មានគម្ពីរកូរ៉ានផងដែរ។
ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានម្នាក់ បានអះអាងថា អ្នកស្លាប់ ម្នាក់បណ្តាលមកពីការវាយប្រហារពីសំណាក់ក្រុមអ្នកតវ៉ាហើយអ្នកស្លាប់ដទៃទៀត ត្រូវបានក្រុមមន្ត្រីមូលដ្ឋានសន្មត់ថាបណ្តាលមកពីការប៉ះទង្គិចជាមួយនឹងប៉ូលិស ។
មន្ត្រីក្រសួងមហាផ្ទៃរូបនេះបានបន្តថា ក្រសួងមហាផ្ទៃនឹងស៊ើបអង្កេតរាល់ករណីអ្នកស្លាប់ទាំងអស់ និងស្វែងរកជនដែលបង្កភាពចលាចល ដើម្បីយកមកទទួលខុសត្រូវចំពោះអ្នកស្លាប់ទាំងអស់នោះ ។
យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកពីរនាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា យោធាអាមេរិកបានប្រមូលគម្ពីរកូរ៉ានចេញពីមន្ទីរឃុំឃាំងដោយសារតែមាន អ្នកទោសមួយចំនួនបានប្រើសៀវភៅធម៌នេះ ដើម្បីបញ្ជូនសារឲ្យគ្នា ទៅវិញទៅមកដោយអនាធិតេយ្យ។
គួររំលឹកថា ក្រុមអ្នកតវ៉ាជាង២ពាន់នាក់នៅប្រទេសអាហ្វានីស្ថាន កាលពីថ្ងៃអង្គារ បានប្រមូលផ្តុំគ្នាតវ៉ាដោយហឹង្សា ក្នុងមូលដ្ឋានយោធាអាមេរិកដែលប្រចាំការនៅក្នុងប្រទេសនោះ ប្រឆាំងនឹងការដុតបំផ្លាញគម្ពីរសាសន៏របស់ពួកគេ។
ក្នុងហេតុការណ៏នោះ ក្រុមបាតុករបាននាំគ្នាចោលដបសាំងនិងដុំថ្ម ព្រមទាំងបានស្រែកដោយកំហឹងប្រមាថជេរដល់អាមេរិកដោយមិនសំចៃមាត់។ ចំនែកឯ នៅឯប៉ែកខាងកើតទីក្រុងចាឡាឡាបាតសិស្សានុសិស្សបានដុតរូបសំណាកលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ហើយស្ថានទូតអាមេរិកនៅទីក្រុងកាប៊ុលវិញក៏បានបិទទ្វារជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពផងដែរ។

































