ចាប់ពីពេលនេះតទៅប្រទេសកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានត្រូវបំពេញកាតព្វកិច្ចជាអន្តរជាតិជាច្រើន។ មុនពេលដែលកិច្ចប្រជុំកំពូលអាស៊ានឈានមកដល់មេដឹកនាំប្រទេសនានាបានផ្តើមមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។
ជាក់ស្តែងទស្សនកិច្ចរបស់ប្រធានាធិបតីភូមាលោកថេន សេន នៅពេលនេះនិងទស្សនកិច្ចរបស់មេដឹកនាំចិននៅចុងខែមីនានេះជាដើម។ ទាំងនេះគឺជាពេលវេលាដ៏គួរឲ្យរីករាយផងនិងដ៏ពិបាកស្មុគស្មាញផងដែលរដ្ឋាភិបាលក្រុងភ្នំពេញកំពុងឆ្លងកាត់។ តើអ្វីទៅជាបញ្ហាស្មុគស្មាញសម្រាប់រដ្ឋាភិបាលក្រុងភ្នំពេញ?
សូមអញ្ជើញស្តាប់ចម្លើយពីលោក ប៉ែន បូណាៈ
សំលេងៈ
អត្ថបទៈដូចការគ្រោងទុក កម្ពុជាដែលកំពុងធ្វើជាប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំ២០១២ កំពុងក្លាយជាទីកន្លែងរៀបចំព្រឹត្តិការណ៍អន្តរជាតិជាច្រើន។ ខណៈដែលកិច្ចប្រជុំកំពូលអាស៊ាននឹងឈានមកដល់ជាបន្តបន្ទាប់ ដំណើរទស្សនកិច្ចរបស់មេដឹកនាំបរទេសមកកាន់កម្ពុជាក៏បានផ្តើមឡើងជាបន្តបន្ទាប់ដែរ។
ជាក់ស្តែងមេដឹកនាំភូមាលោក ថេន សេន បានមកដល់កម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ។ បន្ទាប់ពីនេះមេដឹកនាំចិនលោកប្រធានាធិបតី ហ៊ូ ជីនតាវ ក៏គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងខែមីនានេះដែរ។
ពិតណាស់ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំបរទេសទាំងនោះមកកម្ពុជាបានបង្ហាញឲ្យឃើញពីតួនាទីកាន់តែសំខាន់ឡើងរបស់រដ្ឋាភិបាលក្រុងភ្នំពេញនៅលើឆាកអន្តរជាតិ។
ប៉ុន្តែ ទន្ទឹមគ្នានោះ វាក៏ជាពេលវេលាដ៏ស្មុគស្មាញមួយដែរសម្រាប់កម្ពុជា។ ស្មុគស្មាញនៅត្រង់ថា ការទទួលបន្ទុករៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់អន្តរជាតិនៅពេលនេះគឺជាអម្រែកដ៏ធ្ងន់មួយរួចទៅហើយសម្រាប់ទីក្រុងភ្នំពេញ ប៉ុន្តែស្មុគស្មាញជាងនេះគឺ ជំហរដែលកម្ពុជាត្រូវបង្ហាញក្នុងបញ្ហាមួយចំនួនជាពិសេសបញ្ហាជម្លោះដែនសមុទ្រចិនប៉ែកខាងត្បូង។
សម្រាប់ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជា និងអាស៊ានវាមិនមែនជារឿងចៃដន្យទេដែលមេដឹកនាំភូមាមកបំពេញទស្សនកិច្ចនៅពេលនេះ។ គួរកត់សម្គាល់ថា ភូមាដែលនឹងឡើងធ្វើជាប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំ២០១៤ កំពុងតែបង្ហាញឲ្យពិភពលោកឃើញនូវនយោបាយកែទម្រង់ដ៏ភ្ញាក់ផ្អើលក្នុងប្រវត្តិសាស្ត្រនយោបាយរបស់ខ្លួន។
កំណែទម្រង់ទាំងនោះត្រូវគេមើលឃើញថា ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិដែលធ្លាប់តែសំឡឹងទៅកាន់ប្រទេសនេះក្នុងក្រសែភ្នែកអាក្រក់ឲ្យផ្លាស់ប្តូរទស្សនៈថ្មី នោះគឺភូមាជាប្រទេស«ប្រជាធិបតេយ្យមួយ» ដែលមិនមែនជារបបយោធាផ្តាច់ការដូចកាលពីមុន។
យ៉ាងណាក៏ដោយ វាហាក់ដូចជាលឿនពេកសម្រាប់សហគមន៍អន្តរជាតិក្នុងការវាយតម្លៃពីឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាលក្រុងណៃពិដរ។ ក្នុងបរិបទនេះ ភូមាក៏អាចសំឡឹងឃើញតួនាទីរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានដែលអាចមានទម្ងន់ក្នុងការជួយប្រទេសរបស់ខ្លួនក្នុងចំណែកណាមួយបានដែរក្នុងនាមជាមិត្តជិតស្និទ្ធនឹងគ្នា។
ជាក់ស្តែង រដ្ឋាភិបាលក្រុងភ្នំពេញបានអះអាងថា កម្ពុជាមិនគាំទ្រការដាក់ទណ្ឌកម្មណាមួយទៅលើប្រទេសភូមានឡើយ។ បញ្ហាភូមានទំនងជាមិនស្មុគស្មាញដូចបញ្ហាសមុទ្រចិនប៉ែកខាងត្បូងនោះឡើយ។ ជាក់ស្តែងនៅពេលកម្ពុជាត្រៀមខ្លួនដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន សន្និសីទអន្តរជាតិមួយត្រូវបានបើកធ្វើឡើងនៅទីក្រុងភ្នំពេញស្តីពីសមុទ្រចិនប៉ែកខាងត្បូង។
សន្និសីទនោះមានគោលដៅជំរុញឲ្យកម្ពុជាលើកយកបញ្ហាសមុទ្រចិនប៉ែកខាងត្បូងមកដោះស្រាយ។ តើកម្ពុជាត្រូវប្រកាន់ជំហរបែបណាបើចិនដែលជាសម្ពន្ធមិត្តជិតស្និទ្ធមិនប្រាថ្នាចង់ឃើញបញ្ហានេះត្រូវគេលើកមកនិយាយក្នុងកិច្ចប្រជុំអាស៊ានទាល់តែសោះនោះ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ៊ូ ជីនតាវមកកម្ពុជានៅពេលឆាប់ៗខាងមុខត្រូវគេមើលឃើញថា មិនអាចចៀសផុតពីការជជែកគ្នាពីបញ្ហានេះជាមួយកម្ពុជាឡើយ។
សរុបមកវិញវាមិនមែនជារឿងសាមញ្ញពេកទេដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានក្នុងបរិបទបែបនេះ។ ប៉ុន្តែក្នុងឋានៈជាប្រធានសមាគមថ្នាក់តំបន់មួយដែលកំពុងទទួលការចាប់អារម្មណ៍កម្ពុជាត្រូវតែបង្ហាញជំហរមួយច្បាស់លាស់ប្រកបដោយភាពទន់ភ្លន់ដើម្បីបង្ហាញពីការទទួលខុសត្រូវក្នុងកាតព្វកិច្ចជាអន្តរជាតិផង និងរក្សាចំណងមិត្តភាពទ្វេភាគីជាមួយបណ្តាប្រទេសក្នុងទំនាស់នីមួយៗផង។
ឥណ្ឌូនេស៊ី បានភ្លក់រសជាតិនេះមុនកម្ពុជាទៅទៀតនៅក្នុងជម្លោះសមុទ្រចិនប៉ែកខាងត្បូងក៏ដូចជាជម្លោះព្រំដែនរវាងកម្ពុជាថៃ ហើយផលវិបាកនៃបញ្ហានេះបានអូសបន្លាយរហូតដល់សព្វថ្ងៃ។ នេះប្រហែលជាបទពិសោធន៍មួយដែរសម្រាប់កម្ពុជា៕



































