រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកបុប ខារ ( Bob Carr ) បានជួបជាមួយប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី២៦មីនា ឆ្នាំ២០១២នៅទីស្តីការក្រសួងការបរទេសកម្ពុជា។
ប្រមុខការទូតកម្ពុជានិងអូស្ត្រាលីបានពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួនដូចជា បញ្ហាសហប្រតិបត្តិការទ្វេភាគីទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម គ្រោះមហន្តរាយនិងបញ្ហាសមុទ្រចិនខាងត្បូងរួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍នៅក្នុងសន្និសីតកាសែត បន្ទាប់ពីជំនួបចប់ថានៅក្នុងកិច្ចពិភាក្សាបាននិយាយអំពីការសហប្រតិបត្តិការទ្វេភាគី។
ហើយលោកបានអរគុណដល់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អំពីជំនួយជាច្រើនដល់បានជួយដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដូចជាក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សដោយមាននិស្សិត និងមន្ត្រីរាជការជាង៤០០នាក់ ហើយដែលបានទៅសិក្សា និងបណ្តុះបណ្តាលនៅអូស្ត្រាលី។
អូស្ត្រាលីក៏បានបញ្ជូនយុវជនស្ម័គ្រចិត្តមកធ្វើការជួយកម្ពុជាក្នុងវិស័យផ្សេងៗការផ្តល់វិភាគទាននិងថវិកាដល់តុលាការកាត់ទោសខ្មែរក្រហមសហប្រតិបត្តិការខាងវិស័យជំនួយយោធា។ល។ និង។ល។
លោក ឧបនាយករដ្ឋមន្ត្រីបានបន្តថា លោកបានលើកឡើងថាទំនាក់ទំនងការទូត នយោបាយ និងសហប្រតិបត្តិរវាងរដ្ឋាភិបាលទាំងពីរល្អណាស់។ ប៉ុន្តែលោកសំណូមពរថា ទំនាក់ទំនងសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគួរតែអោយមានចំនួនកើនឡើងទៀតអាចស្មើនឹងទំនាក់ទំនងខាងនយោបាយ។
ក្នុងកិច្ចប្រជុំប្រមុខការទូតទាំងពីរក៏បានពិភាក្សាលើបញ្ហាលើតំបន់អន្តរជាតិខ្លះទីមួយបញ្ហាការផ្លាស់ប្តូរប្រជាធិបតេយ្យភាវូបនីយកម្មនៅប្រទេសមីយ៉ាន់ម៉ា ដោយទាំងខាងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនិងកម្ពុជា បានអបអរសាទរការផ្លាស់ប្តូរការធ្វើកែទម្រង់ការឈានទៅមុខនៃប្រជាធិបតេយ្យភាវូបនីយកម្មនៅមីយ៉ាន់ម៉ា។
លោករដ្ឋមន្ត្រី ការបរទេស បានប្រាប់ថា ប្រទេសអូស្ត្រាលីបានយល់ព្រមលើកទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមី យ៉ាន់ម៉ាហើយ។ ក្នុងនោះ ប្រមុខការទូតទាំងពីរ ក៏បានជជែកផងដែរ លើការគ្រប់គ្រងគ្រោះមហហន្តរាយ ដោយសារគ្រោះមហន្តរាយនេះ បណ្តាលមកពីការផ្លាស់ប្តូរធាតុអាកាស ដែលជាបញ្ហាប៉ហពាល់ដល់ប្រជាជនសាកលលោកទាំងមូល និងប៉ះពាល់ដល់ប្រទេសទាំងអស់ក្នុងសកលលោកហើយក្នុងបញ្ហានេះយើងបានឯកភាពគ្នាថា នៅពេលប្រជុំកំពូលអាស៊ីបូព៌ាបញ្ហាគ្រោះមហន្តរាយនេះជាបញ្ហាសំខាន់ដែលត្រូវយកមកពិភាក្សា។
លោក ហោ ណាំហុង បានបន្តថា នៅក្នុងឱកាសនោះ លោកក៏បានសំណូមពរអោយប្រទេសអូស្ត្រាលី ជួយដល់មជ្ឈមណ្ឌលគ្រប់គ្រងជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយរបស់អាស៊ាន ដែលបានបង្កើតឡើងនៅឆ្នាំ២០១១ ដើម្បីធ្វើយ៉ាងណាទប់ទល់នឹងការផ្លាស់ប្តូរធាតុអាកាសទប់ទល់គ្រោះមហន្តរាយនៅតំបន់អាស៊ីអាគ្នេយ៍នេះ។
លោក ហោ ណាំហុង ក៏បានជម្រាបដល់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថា បញ្ហាគ្រោះមហន្តរាយនៅតំបន់អាស៊ាន មានភាពរស៊ើបណាស់ ហើយជាពិសេសនៅប្រទេសបណ្តាបណ្តោយទន្លេមេគង្គនេះ ដែលជាទន្លេមួយមានភាពរសើប ឆាប់ទទួលនៅគ្រោះមហន្តរាយ ដោយសារការផ្លាស់ប្តូរធាតុអាកាស។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងជំនួបនោះក៏បានពិភាក្សាបញ្ហាសមុទ្រចិនខាងត្បូង ដោយលោកបានជម្រាប ទៅរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថា “បញ្ហានេះយើងគួរតែលើកទឹកចិត្តអោយប្រទេសចិននិងអាស៊ាន ចាប់ផ្តើមធ្វើការពិភាក្សាអំពីចំនុចគន្លឹះនៃពង្រាងក្រុមប្រតិបត្តិសមុទ្រចិនខាងត្បូង COC ដោយសារចិនមានបំណងចូលរួមជាមួយអាស៊ាន។
ដើម្បីពិភាក្សាបញ្ហានេះជាការល្អ ដែលយើងត្រូវតែលើកទឹកចិត្ត ហើយចិនថ្មីៗនេះ ក៏បានស្នើអោយបង្កើតក្រុមឥស្សរៈជនឆ្នើម ដើម្បីតាក់តែងតែ COC នេះ ហើយខ្ញុំក៏បានជម្រាបឯកឧត្តម Bob Carr ថា យើងមិនគួរយកបញ្ហាសមុទ្រចិនខាងត្បូង ធ្វើជាអន្តរជាតិភាវូបនីយកម្មទេ កុំយកបញ្ហានេះ ធ្វើជាអន្តរជាតិភាវូបនីយកម្ម ដែលវានឹងនាំអោយស្មុគស្មាញ និងមិនឆ្លើយតប និងផលប្រយោជន៍ប្រទេសណាមួយទេ”។
ចំណែកលោក បុប ខារ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានថ្លែងនៅក្នុងសន្និសីទថា ទំនាក់ទំនាក់កម្ពុជា ជាមួយអូស្ត្រាលី គឺជាទំនាក់ទំនងមួយដ៏ល្អ ហើយលោកនឹងលើកជាមួយសហគមន៍ធុរជនរបស់អូស្ត្រាលី ដើម្បីធ្វើយ៉ាងណាលើកកំពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា អោយស្មើនឹងកំរិតទំនាក់ទំនងយោបាយរវាងប្រទេសទាំងពីរ។
ប្រទេសអូស្ត្រាលី បានផ្តល់ជំនួយដល់ប្រទេសកម្ពុជា៧៧លានដុល្លារ សម្រាប់ឆ្នាំ២០១១-ឆ្នាំ២០១២ ដែលផ្តោតទៅលើវិស័យកសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញអោយមានការផ្តល់សេវាខាងផ្នែកយុត្តិធម៌ដល់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីការបរទេសអូស្ត្រាលីក៏បានសូមអបអរសាទរចំពោះប្រទេសកម្ពុជាផងដែរក្នុងនាមជាប្រធានអាស៊ាន។ ពាក់ព័ន្ធបញ្ហាកិច្ចប្រជុំអាស៊ីបូព៌ាលោកបានលើកអំពីការយកចិត្តទុកដាក់ ការចាប់អារម្មណ៍របស់អូស្ត្រាលីនៅក្នុងការអភិវឌ្ឍន៍របៀបវារៈកិច្ចប្រជុំនេះធ្វើយ៉ាងណាអោយកិច្ចប្រជុំមានការផ្លាស់ប្តូរយោបល់គ្នាលើកបញ្ហាជាច្រើនដែលមានការផុលផុស។
លោកគាំទ្រមតិរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាពាក់ព័ន្ធបញ្ហាការប្រែប្រួលអាកាសធាតុ។ ប្រទេសអូស្ត្រាលីត្រៀមខ្លួនសហការជាមួយកម្ពុជា ដើម្បីរៀបចំអោយមានផែនការល្អបំផុតទប់ទល់និងគ្រោះមហន្តរាយដែលបណ្តាមកពីការប្រែប្រួលអាកាសធាតុ៕



































