លោកគីម ជុងអ៊ុនមេដឹកនាំថ្មីរបស់ប្រទេសកូរ៉េខាងជើងបានជាប់ឆ្នោតជ្រើសតាំងជាគណៈប្រតិភូបក្សកម្មករកូរ៉េកាលពីថ្ងៃច័ន្ទម្សិលមិញ។ នេះបើយោងតាមគេហទំព័រសិង្ហបុរី ចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។
ទាក់ទិននឹងបញ្ហាមុខដំណែងនេះប្រទេសកូរ៉េខាងជើងនឹងរៀបចំសន្និបាតពិសេសមួយនៅខែមេសាខាងមុខនេះដើម្បីអនុវត្ដន៍លើវិធានទាំងឡាយដែលចែងនៅក្នុងគោលនយោបាយរបស់បក្សកម្មករកូរ៉េហើយក៏ជាការអាចផ្ទេរសិទ្ធិអំណាចដល់មេដឹកនាំថ្មីនេះផងដែរ។
លោកគីម ជុង-អ៊ុន គឺជាអ្នកស្នងតំណែងដ៏មហិមាប៉ុន្ដែគេមិនទាន់បានប្រកាសតែងតាំងជាផ្លូវការនៅឡើយទេចំពោះមុខតំណែងរបស់លោក។ ប៉ុន្តែក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថាអង្គសន្និបាតពិសេសនោះទំនងជាត្រូវជ្រើសតាំងលោកគីម ជុង-អ៊ុនឱ្យទទួលតំណែងជាអគ្គលេខាធិការបក្ស ដើម្បីចូលខ្លួនជំនួសតំណែងឪពុករបស់លោកដែលបានទទួលមរណ ភាពនៅក្នុងខែធ្នូកន្លងមកនេះ ។
លោកមន្ដ្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងលោកគីម ជុងអ៊ុន ជាគណៈប្រតិភូគណបក្សកម្មករនេះគឺព្រោះគាត់ជាបុគ្គល និងជាចៅហ្វាយនាយម្នាក់ដែលមានសមត្ថភាពនិងអាចផ្ដល់ការទុកចិត្ដក្នុងការដឹកនាំប្រទេសបាន៕

































