វេទិកាប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ានបានប្រារព្ធឡើងមចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០១២ នៅសណ្ឋាគារឡាក់គីស្ដារក្នុងរាជធានីភ្នំពេញដែលមានអ្នកចូលរួមប្រមាណ ២.០០០នាក់ មកពីតំណាងអង្គការមិនមែនរដ្ឋាភិបាលនៃប្រទេសសហគមន៍អាស៊ាននិងតំណាងសហគមន៍ព្រមទាំងអង្គការក្នុងស្រុកប្រមាណ៤០០ទៀត។
នៅក្នុងវេទិការនោះក្រុមអ្នកចូលរួមបានលើកបញ្ហាប្រឈមនៅក្នុងសហគមន៍ដាក់ជូនប្រមុខដឹកនាំរដ្ឋាភិបាលអាស៊ានយកទៅដោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចាប់ពីថ្ងៃទី៣០ មីនាដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកស្រី ធីដា ឃិះជាគណៈកម្មការរៀបចំវេទិកាប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ានបានមានប្រសាសន៍ថា វេទិកានៅពេលនេះមានប្រធានបទសំខាន់ៗចំនួន២៤ ដូចជាគោលនយោបាយទាក់ទងនឹងពលករចំណាកស្រុកការអភិវឌ្ឍដែលធ្វើឲ្យប៉ះពាល់ទៅដល់ដីធ្លីនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបញ្ហាសិទ្ធិមនុស្សជាទូទៅសិទ្ធិស្ដ្រីនិងការរើសអើងជនជាតិភាគតិចនៅពេលធ្វើការអភិវឌ្ឍជាដើម។
លោកស្រីបន្តថា បន្ទាប់ពីធ្វើវេទិកានេះតំណាងអង្គការជាតិនិងមកពីសហគមន៍អាស៊ានរួមគ្នាលើកជាអនុសាសន៍គោលនយោបាយរួមជូនថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ ដើម្បីការពារប្រជាពលរដ្ឋក្រីក្នុងតំបន់និងការបើកចំហឲ្យអ្នកណាទៅធ្វើការនៅកន្លែងណាក៏បាននៅក្នុងឆ្នាំ២០១៥។
គួរបញ្ជាក់ថានៅក្នុងវេទិកាប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាននោះដែរក៏មានតំណាងសហគមន៍ជាច្រើនដែលរងគ្រោះដោយការបណ្ដេញចេញពីលំនៅដ្ឋានមកចូលរួមផងដែរ។ ក្នុងនោះក៏មានតំណាងប្រជាពលរដ្ឋបឹងកក់ដើម្បីលើកបញ្ហាប្រឈមនានាជូនទៅរដ្ឋាភិបាលនិងមេដឹកនាំប្រទេសអាស៊ានជួយដោះស្រាយផងដែរ៕




































