មិនមែនមានតែក្រុមមេដឹកនាំអង្គការមិនមែនរដ្ឋាភិបាលអាស៊ាន ដែលបានជួបជុំគ្នាកន្លងមកនេះទេ ដាក់ញតិជូនទៅមេដឹកនាំអាស៊ាន នៅពេលនេះ សហភាពការងារកម្ពុជាក៏បានដាក់ញត្តិដោយឡែករបស់ខ្លួន ជូនទៅក្រុមមេដឹកនាំកំពូលអាស៊ាន ដែលកំពុងតែមានវត្តប្រជុំនៅកម្ពុជាផងដែរ។
លោកអាត់ ធន ប្រធានសហភាពការងារកម្ពុជាបានមានប្រសាសន៍ថា លោកបានចេញសេចក្តីថ្លែងការណ៍មួយផ្ញើទៅមេដឹកនាំសហគមន៍អាស៊ានអំពីស្ថានភាពការងារដោយសារតែនៅពេលបច្ចុប្បន្ននេះបានចាប់ផ្តើមធ្វើការពាក់ព័ន្ធទៅនឹងនយោបាយសេដ្ឋកិច្ចហើយនៅឆ្នាំ២០១៥ អាស៊ាននឹងដាក់បញ្ចូលនូវបញ្ហាការងារដែលអាចប្តូរគ្នាបាននិងបញ្ហាពលករចំណាកស្រុក បញ្ហាពលករធ្វើការនៅតាមផ្ទះនិងបញ្ហាអន្តោប្រវេសន៍។
លោកបន្តថា សហជីពស្នើមេដឹកនាំអាស៊ានគិតគូពីបញ្ហាសហជីពនិងបញ្ហាពលករនៅក្នុងគោលការណ៍របស់អាស៊ាន ដើម្បីធានាថាការជួញដូរកម្លាំងពលកម្មត្រូវតែដោះស្រាយ។ លោកអាត់ ធន បានបន្តថា នៅថ្ងៃទី១ ខែឧសភា (ទិវាពលកម្មអន្តរជាតិ) នោះសហភាពការងាររបស់លោកនឹងរៀបចំធ្វើពិធីហែក្បួន ជួបជុំសហជីពនៅក្នុងតំបន់អាស៊ាន ដើម្បីដាក់សំណើជាផ្លូវការមួយទៀតជូនទៅមេដឹកនាំរដ្ឋាភិបាលអាស៊ានគិតគូពីសិទ្ធិសេរីភាពកម្មករនិងពលករចំណាកស្រុក។
ជាមួយគ្នានោះដែរ លោក អាត់ ធន បានបញ្ជាក់ថា នៅក្នុងដំណើរមកកាន់ប្រទេសកម្ពុជារបស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីប្រទេសអាមេរិក ដែលនឹងអញ្ជើញមកចូលរួមជាមួយមេដឹកនាំកំពូលអាស៊ានបូកអាមេរិក នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១២ ដែលជាការប្រជុំចុងក្រោយនោះ គឺសហភាពការងារកម្ពុជានឹងនាំគ្នាដាក់ញតិ្ត អំពីបញ្ហាការងារ និងកម្មករ ជូនទៅលោកប្រធានាធិបតី អូបាម៉ា និងមេដឹកនាំអាស៊ានគិតគូផងដែរ អំពីសេរីភាពសហជីព ត្រូវមាននៅគ្រប់បណ្តាប្រទេសអាស៊ាន និងបញ្ចូលតួនាទីនៃការសម្រេចចិត្តរបស់មេដឹកនាំសហជីព ទៅក្នុងគណៈកម្មការជំនាញអាស៊ាន ដើម្បីគិតគូពីប្រយោជន៍របស់កម្មករ និងពលករ។
ជាមួយនោះ ត្រូវធានាពីលក្ខខណ្ឌការងារល្អ នៅក្នុងប្រទេសជាសមាជិកអាស៊ាន រួមទាំងប្រព័ន្ធការពារ និងធានាសុខភាព។ លោកបន្តថា ចំពោះស្ថានភាពការងារនៅតាមបណ្តាប្រទេសនៅក្នុងអាស៊ាន ភាគច្រើនជាប្រទេសក្រីក្រ ហើយសព្វថ្ងៃគឺមានការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងផ្ទេរកម្លាំងពលកម្មពីប្រទេសមួយទៅប្រទេសមួយទៀត ដោយមិនស្របច្បាប់ មានការជួញដូរ និងធ្វើទុក្ខបុកម្នេញលើកម្មករ និងពលករ។ល។
លោក អាត់ ធន ក៏បានបញ្ជាក់ដែរថា ស្ថានភាពការងារនៅក្នុងវិស័យកាត់ដេរកម្ពុជា គឺកម្មករមានប្រាក់ខែទាប (មួយខែ ៦១ ដុល្លារ) ចំណែកឯប្រេងសាំង និងទំនិញឡើងថ្លៃកាន់តែខ្ពស់ ដែលសុទ្ធតែជាបញ្ហាពិបាកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ចំណែកឯស្ថានភាពការងារនៅកម្ពុជា មានការបង្ខំឲ្យធ្វើការថែមម៉ោង និងកិច្ចសន្យាការងាររយៈពេលខ្លី ព្រមទាំងមានការប្តឹងតំណាងកម្មករទៅតុលាការ មានការរើសអើងសហជីព បង្ក្រាបកម្មករ បាញ់កម្មករ។
លោកស្នើឲ្យរដ្ឋាភិបាលគិតគូដំឡើងប្រាក់ឈ្នួលសមរម្យស្របតាមច្បាប់ការងារកម្ពុជា។ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ នៅក្នុងពិធីបើកិច្ចប្រជុំអាស៊ានអឺរ៉ុបនៅក្រុងភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១២ថា វិស័យផលិតសម្លៀកបំពាក់ ដែលជាវិស័យដ៏ចម្បងមួយរបស់កម្ពុជាបានជំរុញការនាំចេញសម្លៀកបំពាក់នៅក្នុងអត្រាកំណើន ២២,២ភាគរយនៅក្នុងឆ្នាំ២០១១។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកបារ៉ាក់ អូបាម៉ា មកកម្ពុជានោះលោកអាត់ ធន បញ្ជាក់ថា នឹងដាក់ញតិ្តជូនលោកប្រធានាធិបតីអាមេរិក និងមេដឹកនាំអាស៊ាន ឯចំពោះសកម្មភាពតវ៉ាជាអហិង្សាណាមួយនោះលោកអាត់ ធន់ មិនទាន់បានបញ្ជាក់ទេ គឺស្ថិតនៅលើស្ថានភាពជាក់ស្តែង៕






































