ក៏ដូចជារៀងរាល់ឆ្នាំដែរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រត្រូវបានប្រារព្ធធ្វើឡើងដោយ ការដាក់តាំងលម្អព្រះឆាយាលក្ខណ៍របស់ព្រះអង្គនៅពីមុខព្រះបរមរាជវាំង តាមស្ថាប័ន ក្រសួង និងទីសាធារណៈនានា។
ស្របពេលនេះដែរ កាលពីព្រឹក ថ្ងៃទី១៤ ខែឧសភានេះ ព្រះករុណាបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងទៅខេត្តកំពត ដើម្បីប្រារព្ធពីធីចម្រើនព្រះជន្មរបស់ព្រះអង្គនៅទីនោះ និងដើម្បីយកឳកាសនេះ ដើម្បីជួបសំណេះសំណាលជាមួយអាណាប្រជានុរាស្ត្ររបស់ព្រះអង្គផងដែរ។
ប្រជានុរាស្ត្រ ឥស្សរជន អ្នកមុខអ្នកការ នាហ្មឺនសព្វមុខមន្ត្រីរាប់ពាន់នាក់បានរង់ចាំទទួលព្រះអង្គយ៉ាងអធិកអធមនៅឯពិធីដែលគេប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត។
ក្នុងនោះព្រះអង្គបានជួបសួរសុខទុក្ខប្រជារាស្ត្រ និងប្រទានព្រះរាជអំណោយដល់ប្រជារាស្ត្រក្រីក្រជាច្រើនរយ គ្រួសារដែលជួបជុំគ្នានៅវត្តព្រៃពួចស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
សូមបញ្ជាក់ថា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះអង្គបានប្រសូត្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។
ព្រះអង្គត្រូវបានជ្រើសតាំងជាឯកច្ឆន្ទ ជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដោយ សមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីព្រះរាជបិតារបស់ទ្រង់ គឺសម្តេចឳ នរោត្តម សីហនុ បានប្រកាសដាក់រាជសម្បត្តិកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។
ចាប់ពីទី១៣ ដល់ថ្ងៃទី១៥ ខែឧសភានេះ ប្រជាពលរដ្ឋកម្ពុជាបានប្រារព្ធអបអរសាទបុណ្យចំរើនព្រះជន្មរបស់ព្រះអង្គក្នុងជន្មាយុ គម្រប់ ៥៩ព្រះវស្សា នឹងយាងចូល ៦០ព្រះវស្សា។ នៅក្នុងពិធីបុណ្យរយៈពេលបីថ្ងៃនេះមន្ត្រីរាជការនិង អ្នកបំរើការងារនៅតាមស្ថាប័នរដ្ឋនិងឯកជនភាគច្រើនបានឲ្យឈប់សំរាកផងដែរ៕





































