នៅមិនដល់បីថ្ងៃទៀតទេ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នឹងចាប់ផ្តើមជាផ្លូវការហើយ ពោលគឺយុទ្ធនាការនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ឧសភាដល់ថ្ងៃទី១ខែមិថុនាខាងមុខនេះហើយការបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី៣ខែមិថុនា។
ប៉ុន្តែនៅមុនយុទ្ធនាការឃោសនាបោះឆ្នោតជាផ្លូវការនេះមកដល់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែនបានចេញមកថ្លែងសារនយោបាយមួយចំនួនដែលត្រូវបានគេយល់ថា ជាការព្រមានដោយប្រយោលទៅលើអតីតដៃគូររដ្ឋាភិបាលគឺព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាចារ្យនៅថ្ងៃទី១៥ឧសភា នៅឯមជ្ឈមណ្ឌលកោះពេជ្យសម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា គ្រប់គណបក្សនយោបាយមិនត្រូវយកព្រះនាមរបស់សម្តេចឳនរោត្តម សីហនុមកធ្វើការឃោសនាបោះឆ្នោតដើម្បីកេងចំណេញ រឺ ទាក់ទាញអ្នកបោះឆ្នោតនោះទេ។
ជាមួយនឹងការព្រមានបែបនេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនក៍បានមានប្រសាសន៍មិនអោយព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិមានបន្ទូលប្រាប់រាស្ត្រថា «ព្រះអង្គសុខចិត្តទុករាជបល្ល័ង្កអោយប្អូន»នោះដែរ។ សម្តេចនាយករដ្ឋមន្ត្រីអត្ថាធិប្បាយថា នេះគឺជាការប្រមាថព្រះមហាក្សត្រ។
សម្រាប់សម្តេចនាយករដ្ឋមន្ត្រីការដែលព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិមានបន្ទូលយ៉ាងនេះទៅកាន់ប្រជាពលរដ្ឋដែលធ្វើអោយប៉ះពាល់ដល់ព្រះកិត្តិយសរបស់ព្រះមហាក្សត្រនោះ «នេះគឺជានយោបាយស្ទើរភ្លើងមួយ»។





































