ជាថ្មីម្តងទៀតលោកឃឺតខែមបែលឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមកបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសកម្ពុជា គឺចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែឧសភាខាងមុខ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
អ្នកនាំពាក្យរូបនេះបានបន្តទៀតថា លោកឃឺត ខែមបែលនឹងដឹកនាំគណៈប្រតិភូអាមេរិកមួយក្រុមដើម្បីចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី ស្តីពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ានិងគំនិតផ្តួចផ្តើមទន្លេមេគង្គ។
ក្នុងដំណើរទស្សនកិច្ចនោះលោកឧបការី ក៏មានគម្រោងនឹងជួបផងដែរជាមួយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានិងដៃគូដទៃទៀតនៅក្នុងតំបន់ដើម្បីពិភាក្សាទៅលើវិស័យដែលជាផលប្រយោជន៍រួម។
គួរបញ្ជាក់ផងដែរថា លោក ខែមបែលបានក្លាយជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកឆ្នាំ២០០៩។ លោកបានធ្លាប់មកទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីខែកុម្ភៈម្តងរួចមកហើយ៕



































