កិច្ចប្រជុំឧត្តមមន្ត្រីនៃប្រទេសវេទិកាតំបន់អាស៊ានដែលហៅកាត់ថា ARF នឹងចាប់ផ្តើមរយ:បីថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ឧសភា។ កិច្ចប្រជុំនេះរៀបចំធ្វើនៅទីក្រុងភ្នំពេញ។
បើតាមការបញ្ជាក់ពីមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថាកិច្ចប្រជុំឧត្តមមន្ត្រី ARF មានគោលបំណងដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំ ARF នៅក្នុងខែកក្កដាដែលនឹងមានប្រទេសចំនួន ២៧ចូលរួម។
គួររំលឹកដែរថា វេទិកាតំបន់អាស៊ានបានបង្កើតឡើងដោយមានការព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើក២៦និងសន្និសីទថ្នាក់រដ្ឋមន្ត្រីដែលបានធ្វើចាប់ពីថ្ងៃទី២៣ដល់២៥ ខែកក្កដា ឆ្នាំ១៩៩៣ ក្នុងប្រទេសសិង្ហបុរីហើយកិច្ចប្រជុំនៃវេទិកាតំបន់អាស៊ានដំបូងគេត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៤ក្នុងទីក្រុងបាងកក ប្រទេសថៃ។
គោលបំណងនៃវេទិកាតំបន់អាស៊ាន គឺ ដើម្បីបង្កើនកិច្ចពិភាក្សាដែលមានសារសំខាន់និងការប្រឹក្សាលើបញ្ហានយោបាយ និងសន្តិសុខបង្កើតវិភាគទានដ៏មានសារសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅដល់ការកសាងទំនុកចិត្ត និងការបង្ការផ្នែកការទូតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕





































