វិទ្យុវាយោអែហ្វអឹម VAYO FM បាននឹងកំពុងចាក់ផ្សាយកម្មវិធីកិច្ចពិភាក្សា ឃុំ-សង្កាត់ នៅតាមបណ្តាខេត្តក្រុង ចំនួន១០ ក្នុងប្រទេសកម្ពុជាដើម្បីឱ្យបេក្ខជនប្រកួតប្រជែង ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ បង្ហាញពីគោលនយោបាយរបស់គណបក្សខ្លួន ទៅកាន់អ្នកបោះឆ្នោត។
កម្មវិធីនេះរៀបចំឡើងដោយ វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិហៅកាត់ថា NDI នៃសហរដ្ឋអាមេរិក។ កិច្ចពិភាក្សានេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១២ នៅក្នុងខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ក្រចេះ កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង និង ខេត្តកំពង់ឆ្នាំង។
សំរាប់ការចាក់ផ្សាយតាមរយៈស្ថានីយវិទ្យុវាយោអែហ្វអឹម VAYO FM វិញ ប្រិយមិត្តអាចស្តាប់ការចាក់ផ្សាយ លើកទី១គឺចាប់ពីម៉ោង១០:០៥នាទី ដល់ម៉ោង ១១:០០នាទីព្រឹក និង ការចាក់ផ្សាយ លើកទី២ គឺចាប់ពីម៉ោង០៣:០៥នាទី ដល់ ម៉ោង០៥:០០នាទី រសៀល។ ការចាក់ផ្សាយនឹងធ្វើឡើង តាមរយៈស្ថានីយ វិទ្យុវាយោអែហ្វអឹម VAYO FM១០៥.៥MHz រាជធានីភ្នំពេញ ១០២.៥ MHz ខេត្តព្រះសីហនុ និង ៨៨ MHz ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា កិច្ចពិភាក្សា ឃុំ-សង្កាត់ ដែលរៀបចំឡើង វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ សម្រាប់ កិច្ចការ អន្តរជាតិហៅកាត់ថា NDI នេះ ក្នុងគោលបំណង ដើម្បីបង្ហាញពីគោលនយោបាយ របស់គណបក្សនីមួយៗ ដែលចូលរួមប្រកួតនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ដើម្បីឱ្យអ្នកបោះឆ្នោត អាច វិនិច្ឆ័យ លើទស្សនៈនយោបាយ របស់គណបក្សនីមួយៗ មុនឈានដល់ការសម្រេចចិត្ត ប្រកប ដោយ ត្រឹមត្រូវនៅថ្ងៃបោះឆ្នោត។ មិនតែប៉ុណ្ណោះកិច្ច ពិភាក្សានេះ ក៏នឹងមានការចូលរួម ពីសាធារណជន និងអនុញ្ញាតឱ្យសួរដោយផ្ទាល់ពីប្រជាពលរដ្ឋម្ចាស់ឆ្នោត ផងដែរ៕






































