ការងារលុបបំបាត់ពលកម្មកុមារក្នុងទំរង់ធ្ងន់ធ្ងរគឺជាបញ្ហាមួយដែលត្រូវការការចូលរួមពីសំណាក់គ្រប់មជ្ឈដ្ឋានទាំងអស់ព្រោះមិនមានស្ថាប័ណណាមួយអាចលុបបំបាត់បញ្ហានេះបានទេ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ប្រាក់ ចន្ថា រដ្ឋាលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាប្រធានអនុគណៈកម្មការជាតិស្ដីពីពលកម្មកុមារ។
លោកស្រីបានបន្តថា នៅប្រទេសកម្ពុជាមានកុមាមិនទាន់គ្រប់អាយុចំនួនជាង២សែននាក់ កំពុងធ្វើការងារក្នុងវិស័យផ្សេងៗដូចជា ខាងវិស័យកសិកម្ម ទេសចរណ៍ និងសំណង់ជាដើម។ ហើយនាពេលកន្លងនមកក្រសួងការងារ និងដៃគូរសហការនានាបានជួយសង្គ្រោះកុមារមិនទាន់គ្រប់អាយុបានចំនួន៣ម៉ឺនហើយ។
ទាក់ទងនឹងបញ្ហាលុបបំបាត់ពលកម្មកុមារនេះផងដែរ លោក អ៊ុក ស៊ីសុវណ្ណ ប្រធានកម្មវិធីពលកម្មកុមារនៃអង្គការពលកម្មអន្តរជាតិបានឲ្យដឹងថា ដើម្បីលុបបំបាត់ពលកម្ម ក្នុងទំរង់ធ្ងន់ធ្ងរសម្រេចឲ្យបានមកប្រឹម៨ភាគរយនៅឆ្នាំ២០១៥ និងលុបបំបាត់ទាំងស្រុងក្នុងឆ្នាំ២០១៦នោះ ប្រទេសកម្ពុជាត្រូវការថវិការចំនួនពី៨០-១០០លានដុល្លារ។
គួរបញ្ជាក់ អង្គការអង្គការពលកម្មអន្តរជាតិមានយុទ្ធសាស្ដ្រចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាដូចជា ក្នុងវិស័យអប់រំ ការតស៊ូមតិ និងការផ្សព្វផ្សាយពីបញ្ហាប្រឈមនានារបស់កុមារដែលកំពុងធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជាផងដែរ៕





































