ក្រសួងការបរទេសចិនបានរិះគន់ការបោះឆ្នោតយល់ព្រមដោយសភាអាមេរិកដែលបានសំរេច លក់យន្តហោះចម្បាំងថ្មីចំនួន៦៦គ្រឿងទៅអោយកោះតៃវ៉ាន់។ ចិនបានចាត់ទុកវិធានការនៃការលក់យន្តហោះចម្បាំងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាមការបញ្ជាក់ពីលោកហុង ឡី អ្នកនាំពាក្យក្រសួងការបរទេសចិន។
លោកហុង ឡី បាននិយាយទៀតថា បើទោះបីជាប្រទេសចិននិងតៃវ៉ាន់ត្រូវបានផ្តាច់ចេញពីគ្នាចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលក្នុងឆ្នាំ ១៩៤៩ក៏ដោយក៍រដ្ឋាភិបាលក្រុងប៉េកាំងនៅតែចាត់ទុកកោះតៃវ៉ាន់នេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដដែលហើយនិងប្រើប្រាស់កម្លាំងទ័ពដើម្បីការបង្រួបបង្រួមប្រទេសទាំងពីរឡើងវិញ។
ជាមួយនឹងការលើកឡើងខាងលើនេះដែរសមាជិកសភាសហរដ្ឋអាមេរិកបាននិយាយថាតៃវ៉ាន់ត្រូវការចាំបាច់យន្តហោះចម្បាំងថ្មីៗជាជាងការធ្វើអោយទំនើបឡើងនៃយន្តហោះចាស់ៗ របស់ខ្លួនបន្ទាប់ពីវិស័យយោធាចិនមានការរីកចម្រើនជឿនលឿនដ៏រហ័សដោយសារតែប្រទេសចិនបានចំណាយថវិកាដ៏ច្រើនដើម្បីធ្វើអោយវិស័យយោធារបស់ខ្លួនកាន់តែល្អប្រសើរឡើងនោះ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា លោកបារ៉ាក់អូបាម៉ាប្រធានាធីបតីអាមេរិកបាន អនុញ្ញាត ផ្តល់ប្រាក់ចំនួន៥,៨៥ពាន់លានដុល្លារដើម្បីធ្វើអោយទំនើបឡើងនូវយន្តហោះចាស់ ៗ ដែលមានស្រាប់របស់កោះតៃវ៉ាន់៕
































