(អត្ថបទដោយលោក ជា ធីរិទ្ធ)៖កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៦ បានប្រារព្ធធ្វើឡើងការពីព្រឹកថ្ងៃទី២៩ ខែឧសភា នៅឯវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនោះដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិអាស៊ានចំនួន៩ប្រទេសផ្សេងទៀត។ ក្នុងកិច្ចប្រជុំនេះភាគីទាំងអស់បានជម្រុញឲ្យមានការអនុម័តក្រមប្រតិបត្តិ COC នៃបញ្ហាសមុទ្រចិនខាងត្បូងឲ្យបានឆាប់រហ័សផងដែរ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៏មាន បន្ទាប់ពីកិច្ចប្រជុំលោកឧបនាយកដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រោយពីបានពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅក្នុងកិច្ចប្រជុំរួចមកគ្រប់ភាគីទាំងអស់ដែលបានចូលរួម បានបង្ហាញនូវឆន្ទៈដូចគ្នាដោយចង់ឲ្យមានការអនុម័តក្រមប្រតិបត្តិ COC នៃបញ្ហាសមុទ្រចិនខាងត្បូងឲ្យបានឆាប់រហ័ស ដើម្បីធានានូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សូម្បីតែភាគីនៃប្រទេសទាំងឡាយដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះក៏ចង់ឲ្យមានការអនុម័តនូវក្រមប្រតិបត្តិខាងលើនេះឲ្យបានឆាប់រហ័សផងដែរ។ បញ្ហាសមុទ្រចិនភាគខាងត្បូងបានក្លាយជាប្រធានបទក្តៅមួយសំរាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។
រដ្ឋមន្ត្រីការពារជាតិអាស៊ានក៍បានជួបពិភាក្សាខ្លីជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោកលាង គ័ងលី ផងដែរជុំវិញបញ្ហាជំលោះនៅសមុទ្រចិនភាគខាងត្បូងនេះ។ លោកលាង គ័ងលី រដ្ឋមន្ត្រីការពារជាតិចិនដែលបានមកបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជាចំពេលដែលមានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅក្នុងប្រទេសកម្ពុជានេះ។
ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូងក្នុងនោះលោករដ្ឋមន្ត្រីការពារជាតិកម្ពុជាបានឲ្យដឹងទៀតថា រដ្ឋមន្ត្រីការពារជាតិអាស៊ានក៏បានព្រមព្រៀងឯកភាពគ្នានិងគាំទ្រចំពោះ ប្រទេសប្រ៊ុយណេធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៧ ព្រមទាំងកិច្ចប្រជុំបូកលើកទី២នាឆ្នាំ២០១៣ ខាងមុខនេះផងដែរ។
កិច្ចប្រជុំក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការរៀបចំហ្វឹកហ្វឺនរួមគ្នារវាងផ្នែកជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយជាមួយនិងផ្នែកសុខាភិបាលយោធា ក្នុងប្រទេសប្រ៊ុយណេនៅឆ្នាំ២០១៣ខាងមុខនេះ។
គួរកត់សម្គាល់ថា មុនពេលនឹងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់បានចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលព្រឹកថ្ងៃទី២៩ ខែឧសនៅវិមានសន្តិភាព។
ក្នុងនោះសម្តេច ក៏បានមានប្រសាសន៍ពីការផ្តួចផ្តើមឲ្យពិនិត្យមើលពីលទ្ធភាពនៃការបញ្ចេញកងទ័ពអាស៊ានទៅក្នុងសកម្មភាពមនុស្សធម៌ និងបញ្ហាផ្សេងៗទៀតនៅក្រោមក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ដើម្បីពង្រីកតួនាទីរបស់អាស៊ាននៅលើឆាកអន្តរជាតិផងដែរ៕



































