(អត្ថបទដោយលោក វ៉ា សំណព្វ)៖ការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកតាំងពីម៉ោង៧ព្រឹករហូតមកដល់៣រសៀល ថ្ងៃអាទិត្យនេះដោយមិនមានបញ្ហាអ្វីនោះទេ។
ប្រជាពលរដ្ឋកម្ពុជាជាង៧០ ទៅ ៨០ភាគរយបានចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីជ្រើសរើសមេឃុំចៅសង្កាត់ដែលខ្លួនពេញចិត្ត។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប បានថ្លែងថា ជាទូទៅទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣នេះ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីនោះទេ។
ចំណែកឯសន្តិសុខសណ្តាប់ធ្នាប់វិញក៍បានប្រព្រឹត្តទៅបានល្អនៅទូទាំងប្រទេសផងដែរ។ តែយ៉ាងណាក៍ដោយលោកបានបញ្ជាក់ថា ឧបសគ្គខ្លះៗបានកើតឡើងដោយនៅខេត្តមួយចំនួនមានភ្លៀងធ្លាក់ដូចជា ខេត្តកោះកុងនិងខេត្តបន្ទាយមានជ័យជាដើម។ ប៉ុន្តែស្ថានភាពនេះមិនបានរារាំងដល់ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ។
លោក គៀត ចន្ទថារិទ្ធអ្នកនាំពាក្យប៉ូលិសជាតិក៏បានឲ្យដែរថា សន្តិសុខនៅពេលចាប់ផ្តើមថ្ងៃបោះឆ្នោតថ្ងៃនេះនៅទូទាំងប្រទេសប្រព្រឹត្តទៅល្អមិនមានអ្វីជាការកត់សម្គាល់ទេ។ តែទោះជាយ៉ាងណាក៏ដោយលោក គៀត ចន្ទថារិទ្ធ បានបន្តថា នៅតែមានបញ្ហាខ្លះៗកើតឡើងដោយមានជនស្រវឹងម្នាក់បានបាញ់បោះឡើងលើពីរបីគ្រាប់នៅឯខេត្តស្វាយរៀង។
តែយ៉ាងណាក៍ដោយជនបង្ករហេតុដែលគេដឹងថា ឈ្មោះ អន ពៅ មានឋានន្ទរស័គ្គផ្កាយ២នោះត្រូវបានឃាត់ខ្លួន និងណែនាំកុំឲ្យប្រព្រឹត្តដូច្នេះទៀត។ តែយ៉ាងណាក៍ដោយគណបក្សប្រឆាំងពីរនៅកម្ពុជាបានអះអាងថា ភាពមិនប្រក្រតីបានកើតឡើងនៅតាមការិយាល័យមួយចំនួន។
លោកសុន ឆៃ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីបានថ្លែងថា ប្រជាពលរដ្ឋមួយចំនួនបានបាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតហើយការរើសអើងបានកើតឡើងផងដែរ។
ជាមួយគ្នានេះលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងថា មន្ត្រីថ្នាក់មូលដ្ឋានភូមិឃុំបានតាមដានអ្នកទៅបោះឆ្នោតហើយករណីឈ្មោះស្ទួនក៍កើតមានច្រើនផងដែរ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣បានប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ នេះដោយមានគណបក្សនយោបាយចំនួន១០ចូលរួម។ ចំពោះលទ្ធផលបឋមនៃការបោះឆ្នោតនេះនឹងត្រូវប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត.គ.ជ.ប.នៅល្ងាចថ្ងៃអាទិត្យនេះចំណែកឯលទ្ធផលផ្លូវការនឹងប្រកាសនៅពេលក្រោយ៕





































