(អត្ថបទដោយលោកវ៉ា សំណព្វ)៖មនុស្សរាប់ម៉ឺនបានប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងគែរប្រទេសអេហ្ស៊ីប ដើម្បីប្រឆាំងនឹងសាលក្រមតុលាការដែលបានកាត់ក្តីលោកអតីតប្រធានាធិបតីអេហ្ស៊ីបលោក ហ៊ូស្នី មូបារ៉ាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
តុលាការប្រទេសអេហ្ស៊ីបបានសម្រេចផ្តន្ទាទោសលោកមូបារ៉ាក់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់លោកម្នាក់ទៀតឲ្យជាប់ពន្ធនាគារមួយជីវិតនៅចុងសប្តាហ៍នេះពីបទសម្លាប់ក្រុមបាតុករតវ៉ាប្រឆាំង និងពីបទប្រព្រឹត្តអំពើពុករលួយ។
អតីតប្រធានាធិបតី អេហ្ស៊ីប លោកមូបារ៉ាក់អាយុ៨៤ឆ្នាំ ដែលត្រូវបានគេបណ្តេញចេញពីតំណែងនោះបានបង្ហាញខ្លួននៅចំពោះមុខតុលាការដោយដេកនៅលើគ្រែពេទ្យដោយសារតែបញ្ហាសុខភាពក្នុងវ័យជរា។ លោកត្រូវបានរកឃើញថា ជាអ្នកបញ្ជាឲ្យគេសម្លាប់មនុស្ស៨៥០នាក់ក្នុងចលនាបដិវត្តផ្កាម្លិះដែលបានផ្ទុះឡើងនៅក្នុងប្រទេសអេហ្ស៊ីបកាលពីពេលថ្មីៗនេះ។
លោកមូបារ៉ាក់គឺជាមេដឹកនាំទី១ដែលត្រូវបានផ្តួលរំលំចេញពីអំណាចនៅក្នុងចលនាបដិវត្តនៅអារ៉ាប់កាលពីខែមករាឆ្នាំ២០១១កន្លងទៅនេះ។ ក្រុមអ្នកតវ៉ាបានអះអាងថា ការកាត់ទោសអោយលោកហ៊ូស្នី មូបារ៉ាក់ ជាប់ពន្ធនាគារមួយជីវិតនេះគឺ នៅមិនគ្រប់គ្រាន់ទេហើយម្យ៉ាងទៀតមន្ត្រីរបស់លោកជាច្រើននាក់ទៀត រាប់ទាំងកូនប្រុសរបស់លោកមូបារ៉ាក់ផងដែរនោះ មិនត្រូវបានតុលាការផ្តន្ទាទោសនោះទេ។
ក្រុមអ្នកតវ៉ាក៏បានប្រឆាំងនឹងការរៀបចំបោះឆ្នោតនៅក្នុងប្រទេសអេហ្ស៊ីបកាលពីពេលថ្មីៗនេះផងដែរ។ ក្រុមអ្នកវិភាគបានមើលឃើញថា ការប្រកាសសាលក្រមប្រឆាំងអតីតប្រធានាធិបតីលោកហ៊ូស្នី មូបារ៉ាក់នេះនឹងប្រែក្លាយប្រទេសអេហ្ស៊ីបឲ្យធ្លាក់ទៅក្នុងសភាពវឹកវរជាថ្មីទៅវិញនៅពេលដែលចលនាក្រុមអ្នកតវ៉ាបានផ្ទុះឡើងជាថ្មីនោះ។ ជាមួយគ្នានេះក្រុមបាតុករក៍បានវាយប្រហារទៅលើការិយាល័យបេក្ខជនប្រធានាធិបតីអេហ្ស៊ីបលោក Ahmed Shafiq ផងដែរ៕

































