Tuesday, May 21st

Last update10:16:07 PM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត ទេសចរណ៍ ​ប្រាសាទ​​ជ្រុង

​ប្រាសាទ​​ជ្រុង

លោកអ្នក​នាង​ជា​ទី​មេត្រី យើង​តែងតែ​ដឹង​ថា​បើសិនជា​ចង់​មើល​ថ្ងៃ​លិច​គឺ​ត្រូវ​ទៅ​កំសាន្ត​នៅ​ភ្នំ​បាក់​ខែង​នោះ​លោកអ្នក​នឹង​អាច​​មើល​ឃើញ​​ថ្ងៃ​​លិច​​បាន​​ហើយ ប៉ុន្តែ​គឺ​នៅ​មាន​កន្លែង​មួយទៀត​ដែល​ស្ថិត​ក្នុង​ខេត្ត​សៀមរាប​នោះ​គឺ​ ប្រាសាទ​ជ្រុង​ជា​ប្រាសាទ​តូច​មួយ​ដែល​ស្ថិត​ក្នុង​បរិវេណ​កំពែង​ខាងក្រៅ​នៃ​ប្រាសាទបាយ័ន​នៅ​ត្រង់​កន្លែង​កាច់​ជ្រុង​នៃ​ទន្លេ​អុំ ដែល​ស្ថិត​ក្នុង​ខេត្តសៀមរាប​។

នៅ​ខ្លោងទ្វារ​ចូល​ផ្នែក​ខាងត្បូង​នៃ​ប្រាសាទអង្គរធំ​ហើយ​បត់​ខាងឆ្វេង​ដៃ​ធ្វើដំណើរ​តាម​មាត់​ទន្លេ​អុំ​ឆ្ពោះទៅ​ទិស​ខាងលិច​ដល់​កន្លែង​​កាច់​ជ្រុង​​នៃ​​កំ​ពែង​​ប្រាសាទ​យើង​នឹង​ឃើញ​​ប្រាសាទ​តូច​មួយ​ទីនោះ​ហើយ​ជា​ប្រាសាទ​ជ្រុង។​ ប្រាសាទ​ជ្រុង​ជា​កន្លែង​អាច​ទស្សនា​ទេសភាព​ថ្ងៃ​លិច​ដ៏​ពិសិដ្ឋ​និង​គួរឱ្យ​ចាប់អារម្មណ៍​។

ទាក់ទង​ទៅនឹង​ប្រវត្តិ​ប្រាសាទ​ជ្រុង​បើតាម​ឯកសារ​ដែល​ស្រាវជ្រាវ និង ចងក្រង​ដោយ​គង្គា​អង្គរ​របស់​ក្រុម​ហ៊ុន​ហ្គ្រី​ង​​​អឺស​បាន​ឱ្យ​ដឹងថា ប្រាសាទ​ជ្រុង​គឺជា​ប្រាសាទតូច​ច្រ​ឡឹង​​ល្អ​ប្រណីត​មួយ​ដែល​មាន​ក្បាច់រចនា​ផ្កា​ភ្ញី​រស់​រវើក​អមដោយ​ចម្លាក់​អាទិទេព​ជាច្រើន​នៅ​គ្រប់​ផ្នែក​សំណង់​នៃ​ប្រាសាទ។

តួ​ប៉ម​ប្រាសាទ​នេះ​បែរមុខ ទៅ​ទិស​ខាងកើត ខណ្ឌ​ជា​បន្ទប់ៗ​សាងសង់​ឡើង​អំពី​ថ្ម​ភក់ និង ថ្ម​បាយក្រៀម​មាន​ទំហំ​ប្រមាណ​១៥​ម៉ែត្រ គុណ​១០​ម៉ែត្រ​មាន​កម្ពស់​ប្រហែល ៥,៧​ម៉ែត្រ ពី​លើ​ខ្នង​កំពែង​សង់​នៅលើ​កំពែង​អង្គរ​ធំ ចំ​ត្រង់​កែង​នៃ​កំពែង​ទិសទក្សិណ និង ទិស​បស្ចិម ។

ប្រាសាទ​នេះ​កសាង​នៅ​ចុង​សតវត្សរ៍​ទី ១២ ដែល​ជា​ស្នា​ព្រះហស្ត​របស់​ព្រះមហាវីរក្សត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧​។ នៅក្នុង​សម័យ​អង្គរ​ប្រាសាទ​ជ្រុង​គឺជា​ហោ​ត្រ័យ ឬ បណ្ណា​​ល័យ​​តម្កល់​ទុក​នូវ​ផ្ទាំង​សិលាចារឹក​ដ៏​សំខាន់​ដែល​ពិពណ៌នា​យ៉ាង​ពិស្តារ​អំពី​ការស្ថាបនា​កសាង​មហា​កំពែង កសិណ​ទឹក​ព័ទ្ធជុំវិញ និង​ទ្វារ​ចូល​រាជធានី​អង្គរធំ​ក្នុង​រជ្ជកាល​ព្រះមហាវីរក្សត្រ​ជ័យវរ្ម័ន​ទី ៧​។

រហូតមកទល់ ពេល​នេះ​ប្រាសាទ​ជ្រុង​ទទួលរង​ការ​បាក់បែក​ផ្នែក​ខ្លះៗ​ដោយសារ​អាយុកាល និង​ការបំផ្លិចបំផ្លាញ​របស់​មនុស្ស។ ​នៅតាម​ខ្នង​កំពែង​ខាងកើត​ប្រាសាទ​ប្រ​មាណ​២០០ម៉ែត្រ ​មាន​រន្ធ​ទ្វារ​សម្ងាត់​ចំនួន​ប្រាំ​​ដែល​​អ្នក​ស្រុក​​ហៅ​​ថា​​រន្ធ​ត្រដេវ​​តាំង​ពី​​យូរ​ណាស់​​មក​​ហើយ​ពីព្រោះ​មាន​សត្វ​ត្រដេវ​ធ្លាប់​ធ្វើ​សំបុ​កនៅ​ទីនោះ​ទើប​​អ្នក​ស្រុក​​ហៅ​​ឈ្មោះ​​នេះ​​រហូត​​មក។

តាម​លក្ខណៈ​ភូមិសាស្ត្រ​រន្ធ​នេះ​គឺជា​ច្រក​ទឹក​ចេញចូល​រវាង​ទន្លេ​អុំ​និង​បឹង​តូចៗ​នៅ​ភាគ​និរតី​នៃ​អង្គរធំ​ហើយ​វា​ក៏​ប្រាកដ​ជា​ច្រក​សម្ងាត់​សម្រាប់​ការរត់​ភៀសខ្លួន​របស់​ស្តេច ឬ​មន្ត្រី​នៅក្នុង​ករណី​មាន​​​គ្រោះថ្នាក់​ណា​មួយ​​ជាយ​ថា​ហេតុ​​ផង​ដែរ។ រូង​ទាំង​ប្រាំ​នេះ​សង់​ទម្លុះ​មហាកំពែង​ដ៏​រឹងមាំ​របស់​អង្គរធំ​ដែល​ស្ថិតនៅ​ជាប់ៗ​គ្នា ប៉ុន្តែ​វា​មាន​ទំហំ​មិន​ស្មើ​គ្នា​​ទេ​រូង​កណ្តាល​ធំ​ហើយ​ខ្ពស់​ជាងគេ​បន្តិច​គឺ​ ទទឹង​ទំហំ​ប្រមាណ​១,៥​ម៉ែត្រ និង​កម្ពស់ ២ម៉ែត្រ។

    About Us
    Khana

Activities

Find us at Facebook

Contact Us