នៅទីបំផុតញត្តិរបស់ប្រជាពលរដ្ឋបឹងកក់ និងអ្នកភូមិបុរីកីឡា ត្រូវបានស្ថានទូតជប៉ុនដែលជាម្ចាស់ជំនួយធំជាងគេនៅកម្ពុជា យល់ព្រមទទួល ហើយសន្យាថា នឹងធ្វើអន្តរាគមន៍ ទៅរាជរដ្ឋាភិបាល ឲ្យមានការដោះលែង ស្រ្តីភូមិបឹងកក់ទាំង ១៥នាក់។ ប្រជាពលរដ្ឋទាំងនោះបាននាំគ្នាប្រមូលផ្តុំនៅព្រឹទ្ធសភា ដាក់ញត្តិជូនសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភាហើយ និងបានដាក់ញត្តិ ជូនឯកអគ្គរាជទូត ជប៉ុនប្រចាំ នៅកម្ពុជា ថ្ងៃទី៨ ខែមិថុនានេះ។
ខ្លឹមសារញត្តិ ដែលពលរដ្ឋបឹងកក់ ដាក់ជូនស្ថានទូតជប៉ុន គឺស្នើរសុំឲ្យស្ថានទូតជប៉ុន ជួយអន្តរាគមន៍ ទៅរដ្ឋាភិបាលឲ្យដោះលែងតំណាងទាំង១៥នាក់ ដែលត្រូវបានតុលាការ ក្រុងភ្នំពេញកាត់ទោស ដោយអយុត្តិធម៌ និង កំពុងជាប់ពន្ធនាគារនៅព្រៃស ទាក់ទងនឹងទំនាស់ដីធ្លី ។
ចំណែកឯញត្តិ របស់អ្នកភូមិបុរីកីឡាវិញ បានស្វែងរកអន្តរាគមន៍ ពីស្ថានទូតជប៉ុន និងសម្តេចជា ស៊ីម ប្រធានព្រឹទ្ធសភា ទៅក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់អគារ ចំនួនពីរបន្ថែមទៀត ឲ្យបានគ្រប់ចំនួនដប់អគារ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលផ្ទះមានឱកាសចូលទៅរស់នៅបានសមរម្យ។
ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិល ក៏បានស្នើ ឪ្យមានការដោះលែង ជាបន្ទាន់ផងដែរ ចំពោះស្ត្រីអ្នកភូមិបឹងកក់ទាំង១៥នាក់នោះ។
គួរបញ្ជាក់ថា អ្នកភូមិបឹងកក់ ទាំង១៥នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២២ ខែឧសភា ដោយអាជ្ញាធររាជធានីភ្នំពេញ លើការតវ៉ាបញ្ហាទំនាស់ដីធ្លី និងត្រូវបានកាត់ទោសឪ្យជាប់ពន្ឋធនាគារ ដោយតុលាការក្រុងភ្នំពេញ ពីបទចោទប្រកាន់ កាន់កាប់ដីធ្លីសាធារណៈនិតិបុគ្គលខុសច្បាប់៕






































