លេខាគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនីស្ដចិនដឹកនាំដោយលោកហឺ គួឈាំង (He Guoqiang) បានមកដល់ប្រទេសកម្ពុជាហើយនៅថ្ងៃអង្គារនេះក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២។
លោក ហី គួឈាំងជាមន្ត្រីជាន់ខ្ពស់ទី២ របស់ប្រទេសចិនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាបន្ទាប់ពីលោកហ៊ូ ជីនតាវ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានអញ្ជើញមកកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ។
លេខាបក្សកុម្មុយនីស្ដចិនបានចូលជួបសម្ដែងការគួរសមចំពោះសម្ដេចហេង សំរិនប្រធានរដ្ឋសភាក្រោយជួបសម្ដែងការគួរសមជាមួយសម្ដេចជា ស៊ីមប្រធានព្រឹទ្ធសភា នៅម៉ោង ៣រសៀល។
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ វេលាម៉ោង៩ព្រឹក គណៈប្រតិភូលេខាបក្សកុម្មុយនីស្ដចិននឹងចូលជួបសម្ដែងការគួរសមជាមួយសម្ដេច ហ៊ុន សែន។ នៅម៉ោង១១ព្រឹក ចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ហើយលោកនឹងធ្វើទស្សនកិច្ច ទៅកាន់ខេត្តសៀមរាបផងដែរ ដើម្បី ទស្សនាប្រាសាទអង្គរ និងប្រាសាទ មួយចំនួនទៀត នៅទីនោះផងដែរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិនមកកម្ពុជានេះ គឺនៅចំពេលលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរលោកហោ ណាំហុង ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក តាមការអញ្ជើញពីលោកស្រីហ៊ីល ឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីរឹតចំណងមិត្តភាពបន្ថែមទៀតឲ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក៕




































