បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្រោយពេលជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដោយបើកម៉ូតូទៅបុកនឹងរថយន្ត Range Rover នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូក្នុងទិសដៅពីខាងកើតទៅខាងលិច លុះដល់ចំណុចកើតហេតុបានបន្ថែមល្បឿនបើកវ៉ាជែងជាមួយរថយន្តមួយគ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នាហើយក៏បានជ្រុលចង្កូតទៅបុកជាមួយរថយន្តម៉ាក Range Rover ដែលបើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើតដែលធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងតែម្តង៕




































