ពួកតាលីបង់បានបើកការវាយប្រហារថ្មីមួយទៀត កាលពីថ្ងៃព្រហស្បត្តិ៍ទៅលើសណ្ឋាគាមួយ ដែលស្ថិតនៅជិតទីក្រុងកាប៊ុលនៃប្រទេសអាប់ហ្គានីស្ថាន ដែលបានបណ្តាលអោយស្ត្រី និង កុមារជាច្រើននាក់បានរងរបួស។
ការវាយប្រហារទៅលើសណ្ឋាគានៅក្នុងតំបន់បឹងហ្គាហាQargha ដែលជាទីប្រជុំជនមួយ របស់ប្រទេសអាប់ហ្គានីស្ថានដោយកំលាំងជីវពលតាលីបង់នេះ ត្រូវបានគេមើលឃើញថា ជាការសាកល្បងមួយទៅលើកងកំលាំងសន្តិសុខរបស់ប្រទេសអាប់ហ្គានីស្ថានដែលនឹងត្រូវផ្តល់តួនាទីអោយទទួលខុសត្រូវលើសន្តិសុខផ្ទាល់នៅក្នុងប្រទេសនេះ បន្ទាប់ពីអង្គការណាតូបានត្រៀមដកចេញពីប្រទេសនេះនៅក្នុងឆ្នាំ២០១៤ខាងមុខនេះ។
ក្នុងពេលថ្មីៗនេះ អំពើហិង្សានិងការវាយប្រហារដោយពួកសកម្មប្រយុទ្ធតាលីបង់បាន កើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសអាប់ហ្គានីស្ថាននេះ។ តែក្នុងរយៈពេល៧ថ្ងៃប៉ុណ្ណោះយ៉ាងហោចណាស់ទាហានអាមេរិក២នាក់ និងប្រជាជនអាប់ហ្គានីស្ថាន២០នាក់ ត្រូវបានសម្លាប់។


































