ព័ត៌មានចុងក្រោយ:

​រមនីយដ្ឋាន​​ទឹក​ធ្លាក់​​ហោង

ទឹកធ្លាក់​ហោង​គឺជា​តំបន់​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ដែល​មាន​ល្បាក់ទឹក​ហូរ​ធ្លាក់​រាប់​សិប​​ឆ្នាំ​មកហើយ​។​តាំងពីដើម​មក​ទី​នេះ​ពុំ​សូវ​មាន​មនុស្ស​បាន​ទៅ​ដល់​ឡើយ​។

ប៉ុន្តែ​ថ្មីៗ​នេះ​កន្លែង​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងុំ​នោះ​បាន​ក្លាយទៅជា​តំបន់់​ទេសចរណ៏​យ៉ាង​ប្រណិ​ត​របស់​ខេត្ត​កំពង់ចាម​។ ​ប្រហែលជា​គ្មាន​ទី​កន្លែង​ណា​ដូច​ទឹក​ធ្លាក់​​ហោង​ឡើយ​នៅ​លើ​ទឹកដី​ខេត្ត​កំពង់ចាម​ដែល​ធ្វើអោយ​អ្នក​ព្រឺក្បាល​សំពោង​មុខ​នូវ​ភាព​ចម្លែក​របស់​ធម្មជាតិ​ទីនោះ​។

គ្រប់ៗ​គ្នា​មិន​ថា​ចាស់​ឬ​ក្មេង​ឡើយ​កាលបើ​បាន​ទៅដល់​ហើយ​ពួកគេ​មិន​ភ្លេច​គយគន់​ទេសភាព​ព្រៃ​ក្រាស់ៗ​និង​ងូតទឹក​កំសាន្ត​ឡើយ​។​ មិនតែប៉ុណ្ណោះ​អ្នក​ដែល​​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​ព្រះពុទ្ធសាសនា​ពួកគេ​តែងតែ​ចូលធ្វើ​គា​វរៈ​កិច្ច​គោរព​ចំពោះ​ព្រះពុទ្ធ​រូប​និង​ព្រះ​សង្ឍ​ដែល​គង់​ចាំ​ព្រះ​វស្សានៅ​ទីនោះ ដើម្បី​បន់​ស្រន់​​​សុំ​​សេច​ក្ដី​សុខ​ភាព​ចំរុងចំរើន និង​ការ​ខមាទោស​ផ្សេងៗ​។

យោងតាម​អាជ្ញាធរ​ដែនដី​ហោង​មាន​ផ្ទៃដី​1.800​ហិច​តា​ ដែល​សុទ្ធសឹងតែ​ជា​ព្រៃ​ក្រាស់ៗ​។​ បច្ចុប្បន្ន​នេះ​កំពុង​ត្រូវ​បាន​កាប់​ទន្ទ្រាន​រាន​យក​ដី​ដោយ​ប្រជា​ពល​រដ្ឋ​នៅ​​តំបន់​​ក្បែរ​នោះ​អស់​មួយចំនួន​។

ហោង​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​មេមត់​ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​តំបែរ​។​ ពី​ទី​នេះ​ទៅដល់​ទី​រួម​ខេត្ត​កំពង់ចាម​មាន​ចម្ងាយ​ផ្លូវ​ជាង​៩០​គីឡូម៉ែត្រ​។

មិន​ថា​ផ្លូវ​ណា​ជា​ផ្លូវ​ណា​ទេ​គ្រប់​ផ្លូវ​ទាំងអស់​ដែល​ចូល​ទៅ​កាន់​ហោង​មាន​លក្ខណៈ​ស្ងាត់​បន្តិច​ហេតុ​នេះ​អ្នក​ដែល​ចង់​ទៅ​កំសាន្ត​នៅ​ទី​នោះ​យក​ល្អ​គួរ​មាន​គ្នីគ្នា​ច្រើន​បន្តិច​ទើប​សប្បាយ​។

តាម​ការ​ដំណាល​របស់​អ្នកស្រុក​នៅ​តំបន់​ក្បែរ​នោះ​បាន​អោយដឹងថា​ពី​មុនទី​នេះ​ពុំមែន​អ្វី​ក្រៅពី​ព្រៃ​ឡើយ​ប៉ុន្តែ​ក្រោយពី​ការ​មក​​ដល់​​​រ​បស់​​ព្រះ​តេជគុណ​ប្រាក់​មុនី​ទី​នេះ​ក៏​បាន​ប្រែ​មុខមាត់​ថ្មី​ដោយ​មាន​ការរីកដុះដាល​​នូវ​​សមិទ្ធិ​ផល​​ជា​ច្រើន​។​សព្វថ្ងៃ​នេះ​ព្រះ​សង្ឍ​គង់​ចាំ​ព្រះវស្សា​នៅទីនោះ និង​មាន​ការកសាង​ព្រះវិហារ​ថ្មី​មួយ​ផង​ដែរ​។

រំលឹក​ដល់​តំបន់​ហោង​ភ្ញៀវទេសចរណ៏​ទាំងឡាយ​មិន​អាច​បំភ្លេច​ចោល​ខ្សែទឹក​ដែល​ហូរ​ធ្លាក់​ត្រជាក់​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​នោះ​ទេ​។​ មិន​ថា​នរណា​ជា​នរណា​ឡើយ​អ្នក​ដែល​បាន​ធ្លាប់​មក​ទី​នេះ​ទោះបីជា​មួយ​នាទី​ឬ ក៏​រាប់​ម៉ោង​ក៏​ដោយ​ពួកគេ​សុទ្ធតែ​បាន​ទទួល​នូវ​អនុ​ស្សាវ​រីយ៏​ដ៏​សែន​មនោរ​ម្យពី​ទី​នេះ​​ទាំងអស់​។

Vayo FM Song Request