ថ្ងៃនេះជាថ្ងៃដែលប្រជាជននៅលើពិភពលោកប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃ២៦មិថុនា ដើម្បីដាស់ស្មារតីជនគ្រប់រូបឲ្យរួបរួមគ្នាកសាងសង្គមមួយដែលគ្មានការផលិតការចរាចរ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ សម្រាប់ប្រទេសកម្ពុជាក៏បានប្រារព្ធនូវពិធីនេះផងដែរក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានមនុស្សរាប់ម៉ឺននាក់ដែលបានចូលរួមទិវានេះ។
នៅក្នុងពិធីនោះលោកស ខេង បានថ្លែងថា កម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ តែជាប្រទេសដែលបាននិងកំពុងរងការប៉ះពាល់ពីបញ្ហាគ្រឿងញៀនដូចជាបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក និងក្នុងតំបន់ដែរ។
ចំពោះបញ្ហានេះរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀនយ៉ាងសកម្ម។ លោកគូសបញ្ជាក់ថា នៅពេលដែលរដ្ឋាភិបាលកំពុងតែមមាញឹកក្នុងប្រឆាំងនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀនដែលបានឆ្លៀតឱកាសមិនត្រឹមតែដើម្បីចរាចរណ៍ឆ្លងកាត់គ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ុនប៉ងយកប្រទេសកម្ពុជាធ្វើជាទីកន្លែងផលិតគ្រឿងញៀនផងដែរ។
សូមបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨៧មក ដែលមហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចកំណត់យកថ្ងៃទី២៦ ខែមិថុនា ធ្វើជាថ្ងៃប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំងពិភពលោក។
ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជាបានរៀបចំនូវពិធីនេះចាប់តាំងពីឆ្នាំ១៩៩៨មក នៅក្នុងរូបភាពផ្សេងៗគ្នាទៅតាមឆ្នាំ និងតាមខ្លឹមសារដែលបានកំណត់ដោយការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មសហប្រជាជាតិ៕ (អត្ថបទដោយលោកជា ធីរិទ្ធ)







































