ប្រាសាទគោករមៀត

លោក​អ្នក​នាង​ជាទី​មេត្រី ប្រាសាទ​បុរាណ​មួយ​ត្រូវ​បាន​ប្រជាជន ប្រទះ​ឃើញ​នៅ ក្នុង​ព្រៃ​ឫស្សី​នា​ប៉ុន្មាន​ឆ្នាំ មុននេះ​ក្រោយ​ពេល​ធ្វើសមាហរណកម្ម រវាងទ័ពខ្មែរក្រហម និង រដ្ឋាភិបាលភ្នំពេញ ។ ប្រាសាទ​នេះមាន ហ៊ុមព័ទ្ធទៅដោយ ព្រៃស្រោង នៅចម្ងាយពីព្រំប្រទល់ ប្រទេស​សៀម​ប្រមាណជា ១០ គីឡូម៉ែត្រ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រាសាទនេះហាក់បីដូចជានៅ ឯកោខ្វះការថែទាំដោយមានព្រៃឫស្សីរុំទ័ឰជុំវិញសឹង មើលមិនយល់តួប្រាសាទ ។ ប្រាសាទ​បុរាណ​នេះសព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្ររបស់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ គោករមៀត ឃុំគោករមៀត បានហៅប្រាសាទបុរាណនេះថា ប្រាសាទគោករមៀត តៗគ្នារហូតដល់សព្វថ្ងៃនេះ ។

លោកតា សំ សាមឿន ព្រឹទ្ធាចារ្យនៅ ក្នុងភូមិគោករមៀតបាននិយាយប្រាប់អ្នកយក ព័ត៌មានយើងឱ្យដឹងថា ប្រាសាទ​បុរាណនេះ​កសាងឡើង​ដោយ​ឥដ្ឋ ខ្លោង ទ្វារ និង ចម្លាក់នានាធ្វើអំពីថ្មភក់ ។ រូបចម្លាក់ និង ដំបូលប្រាសាទ ត្រូវបាក់បែកខ្ទេចខ្ទាំស្ទើរ គ្មានសល់ ពិសេស​ប្រាសាទ​គោក​រមៀត​នេះ ហាក់បីដូចជាត្រូវគេបំភ្លេចចោលទៅហើយ ។ នៅបរិវេណ ប្រាសាទ​ មាន​គ្រាប់មីន​ យ៉ាងច្រើន ដែលមិនទាន់​ មាន​ការ​ដោះចេញ​ ពី​ប្រាសាទ​នោះ នៅ​ឡើយ ។ លោកតា សំ សាមឿន បានឱ្យដឹង ទៀតថា មូលហេតុដែលនាំឱ្យ ប្រាសាទបុរាណ មួយនេះរងការបាក់បែក និង ខូចខាតស្ទើរ គ្មាន សល់​នោះ ព្រោះក្រុមជនខិលខូច និង ពួក ទមិឡមួយចំនួន បានគាស់កកាយប្រាង្គ ប្រាសាទ បុរាណរុករក វត្ថុមានតម្លៃ ដែល​បុព្វដូនតា​ យើងកប់​ទុក​ក្រោម បាតនៃតួ ប្រាសាទ ។

លោក សោម សារួន អនុប្រធាន មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត បន្ទាយមានជ័យ បានប្រាប់ អ្នកយកព័ត៌មាន ឱ្យដឹងថា​ប្រាសាទ គោក រមៀតនេះ គឺបុព្វដូនតាខ្មែរ យើងបានកសាងតាំងពីឆ្នាំ ៧០០ មកម៉្លេះ រាល់ស្ថាបត្យកម្ម សម័យនោះច្រើន កសាងអំពីឥដ្ឋនោះ វាមានអាយុកាល ច្រើនជាង ប្រាសាទ ដែលកសាងពីថ្ម ព្រោះថាអ្នកប្រាជ្ញ សម័យមុន នៅពុំទាន់បានរកឃើញ រូបមន្តធ្វើពីថ្មនៅឡើយ ។ ប្រភេទប្រាសាទ ដែល ធ្វើពីឥដ្ឋពុំសូវ មានធំទេ ភាគច្រើន ជាប្រាសាទមានរាងតូច ដូចជាចេតិយ ដើម្បីតម្កល់សព មេទ័ព ក៏ដូចជាសែរាជវង្ស ដែលបានសុគត ក្នុងសមរភូមិ ។

ប្រាសាទគោក រមៀតនេះមានខ្នាតទំហំ ២ ម៉ែត្រ x ២ ម៉ែត្រ គឺយើងរាប់ពីតួប៉មប្រាសាទ។ ភាពដែលចម្លែក ជាងគេនោះប្រាសាទ​គោករមៀត​នេះពុំមាន​កសិណ ឬ ក៏ស្រះនៅពីមុខដូចប្រាសាទដទៃឡើយ ។ បច្ចុប្បន្ន ប្រាសាទ​គោករមៀតនេះ​នៅពុំទាន់មាន​គម្រោងធ្វើការ​ថែទាំឱ្យបាន​ត្រឹមត្រូវដូចប្រាសាទនានាដែល នៅក្នុងទីប្រជុំជននោះទេព្រោះស្ថានភាពដីនៅទីនោះនៅពុំទាន់បានដោះ មីននៅឡើយ ។

លោក សោម សារួន បាននិយាយ​ឱ្យដឹង​បន្ថែម​ទៀតថា ប្រាសាទ​គោករមៀត ​ក្រៅ​ពីមាន​ព្រៃឫស្សី ​ដ៏ក្រាស់នោះ​ ក៏មាន​គ្រាប់មីន រាប់ពាន់​គ្រាប់​នៅព័ទ្ធ​ ជុំវិញ​ដី ​បរិវេណប្រាសាទ ហើយ ​រាជរដ្ឋាភិបាល កម្ពុជា កំពុងរកវិធានការ​ ដើម្បីដោះមីនឱ្យអស់ នៅបរិវេណ ប្រាសាទនេះ ។ ប្រាសាទ ជាច្រើន​នៅ ក្នុង​ទឹកដី ខេត្តបន្ទាយមានជ័យ ភាគច្រើន ពុំទាន់បានធ្វើការ ស្រាវជ្រាវឱ្យ បានអស់នៅឡើយ ព្រោះប្រាសាទខ្លះ ស្ថិតនៅក្នុង ព្រៃជ្រៅ ដែលយើង​ ពិបាកនឹង​ រុករុលទៅដល់ ម៉្យាងវិញទៀត ​ប្រាសាទភាគច្រើ​ន ​បានលាក់​ខ្លួន​ពួន កប់នៅតំបន់ សង្គ្រាម រវាងរដ្ឋាភិបាល និង ពួកទ័ព ព្រៃខ្មែរ ក្រហម ។

ជាក់ស្តែង ប្រាសាទ គោករមៀតខាងលើ ស្រាប់ គឺសព្វថ្ងៃស្ថិតនៅក្នុង ទឹកដីស្រុកថ្មពួក ភូមិគោករមៀត ឃុំគោករមៀត នៅ ដាច់ស្រយាល​ ពី​មនុស្ស​ផង​ទាំងពួង ញេលគឺពុំសូវមានអ្នក ណាហ៊ានទៅដល់ ទីនោះឡើយ ព្រោះខ្លាចគ្រាប់មីនដែល កប់នៅក្នុងដីរាប់ពាន់គ្រាប់ ។ ក្នុងនាមលោក ជាអនុ ប្រធាន​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ សូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់រូបត្រូវ ចេះស្រឡាញ់ ប្រាង្គប្រាសាទ ឬ វត្ថុ​បុរាណដែល បុព្វដូនតាខ្មែរ បានបន្សល់ ទុកឱ្យកូនចៅជំនាន់ ក្រោយបានធ្វើការ គោរព បូជា ដូច្នេះ សូមរាល់ ពលរដ្ឋខ្មែរ គ្រប់រូបត្រូវ ចេះរក្សា និង អភិរក្ស ​ប្រាសាទ បុរាណឱ្យបានល្អ ដើម្បីជាគុណ ប្រយោជន៍ សម្រាប់ខ្មែរជំនាន់ ក្រោយអូសទាញ យកផលប្រយោជន៍ពី ប្រាសាទ​ដូចជា​ បម្រើឱ្យ​ដល់​វិស័យ​ ទេសចរណ៍ ក្នុងស្រុក និង ក្រៅស្រុក បានយ៉ាងប្រសើរ ទៀតផង ៕


Vayo FM Song Request