ប្រាសាទ​នាគព័ន្ធ

ប្រិយមិត្ត​ជា​ទី​មេត្រី  ប្រាសាទ​​នាគព័ន្ធ​ ត្រូវបាន​សាង​សង់​ឡើង ​នៅ​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី៧​ នាឆ្នាំ​១១៩១​ ដើម្បី​ឧទ្ទិស​ថ្វាយ​ ព្រះពុទ្ធ​​សាសនា​មហាយាន។ ប្រាសាទ​នេះ​ត្រូវ​បាន​គេ​សាង​សង់ នៅ​លើ​កោះ​ទំហំ ៣៥០ម បួនជ្រុង ដែល​មាន​ស្រះ​សន្សំ​ទឹក​បរិសុទ្ធ​៨ ដោយ​រៀបចំ​អោយ​មាន ជា​សញ្ញា​លេខបូក ជា​និមិត្ដរូប​ នៃ​សញ្ញា​មន្ទីពេទ្យ។

មានរូបចំលាក់ ទាំង៤ទិស សំរាប់​ជា​តំនាង​អោយ​ធាតុ​ទាំង​៤ គឺ ធាតុដី​ តំនាងដោយ រូបចំលាក់​ក្បាលមនុស្ស​ ស្ថិតនៅ​ទិសខាងកើត​ធាតុភ្លើង​តំនាង​ដោយ​រូប​ចំលាក់​ក្បាល​តោ ​ដែលស្ថិត​​នៅ​ទិស​ខាងត្បូង​ ធាតុខ្យល់ ​តំនាងដោយ​រូបចំលាក់​ ក្បាលសេះ​ ស្ថិតនៅ​ ទិសខាងលិច ​ធាតុទឹកតំនាង​ដោយ​រូបចំលាក់​ក្បាលដំរី ស្ថិត​នៅ​ទិស​ខាងជើង។

រូបកាយ​នៃ​សត្វ​លោក​ផ្សំ​ឡើង​ដោយ​ធាតុ​៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយ​សត្វលោក​ដែល​មាន​ជំងឺ តែង​បាត់បង់​នូវ ធាតុ​ណាមួយ​នៃ ធាតុ​ទាំង​៤​ កាល​បើ​ពិនិត្យ​ឃើញ​ថា អ្នក​ជំងឺ​ខ្វះ​ធាតុ​ណាមួយ នៃ​ធាតុ​ទាំង​៤​ គេ​តំរូវ​អោយ​អ្នក​ជំងឺ​នោះ ទៅ​ធ្វើការ​​រក្សា​រោគ​ ទៅ​តាម​ធាតុ​នៃ​ទិស​ទាំង៤។

បើឃើញមាន ចំលាក់សេះថ្ម អោបព័ទ្ធ​ដោយ​មនុស្ស ជាច្រើន មានរឿង​តំនាលថា​ មានហ្វូង​មនុស្សប្រុស​មួយក្រុម​ បានជិះ​សំពៅ ​ឆ្លង​មហាសាគរ​ហើយ​បាន​ជួបនឹង​យក្ខិនី​កំនាចមួយ​ បាន​បង្កព្យុះ​ភ្លៀង​ ធ្វើអោយ​សំពៅ​លិចលង់​ ពេលនោះ​នាយសំពៅ​ឈ្មោះ​សេមហៈ​​ ក៏បាន​បន់ស្រន់​​អស់ទេព្ដា​​​អោយ​ជួយ។​ ដោយ​​បារមី​ព្រះពោធិ​សត្វ​លោកកេស្វរៈ ព្រះអង្គ​បាន​ប្រមើ​មើល​ ឃើញ​មនុស្ស ​កំពុង​ជួប​ភ័យ​អន្ដរាយ ហើយ​ទ្រង់ក៏​ប្រើ​អោយ​អាមាត្យ​មួយអង្គ​ ក្លែង​ជា​សេះបាលហៈ​ ទៅជួយ​ដល់​អ្នក​លិចលង់​សំពៅ​នោះ អ្នក​លិច​លង់​ទាំងឡាយ ក៏​បាន​តោង​ជើង​កន្ទុយ​សេះ​ នាំ​មក​ដល់​ត្រើយ​បាន​សុខ​សាន្ដ​ទៅ​។

Vayo FM Song Request