នៅទីបំផុត តុលាការកំពូលរបស់ទីក្រុងឡុងដ៏ បានច្រានចោលបណ្តឹង របស់ក្រុមហ៊ុន Apple ទៅលើក្រុមហ៊ុន Samsung ដែលប្តឹងថា ស្មាតហ្វូន Samsung Galaxy Tab ស្រដៀងនឹងផលិតផលរបស់ខ្លួន គឺ iPad។ ការច្រានចោលនេះ បានធ្វើឡើងនៅ ថ្ងៃទី ៩ កក្កដា ម្សិលមិញ ដោយចៅក្រម Colin Birss QC ដែលបានលើកឡើងថា បើទោះបីជា Galaxy Tap របស់ Samsung និង iPad របស់ Apple មើលពីខាងមុខស្រដៀងគ្នាក៏ដោយ តែGalaxy Tab មិនមានលក្ខណៈងាយស្រួល ក្នុងការប្រើប្រាស់នោះឡើយ ជាពិសេសការរចនារបស់ Galaxy Tap មិនមានភាពទាក់ទាញដូច iPad។
ចៅក្រម Colin Birss QC បានបញ្ជាក់ថា ថ្វីត្បិតផលិតផលទាំងពីរមានភាពស្រដៀង តែមិនមែនមានន័យថា ដូចគ្នាឡើយ ដូច្នេះ Galaxy Tap របស់ ក្រុមហ៊ុន Samsung មិនបានរំលោភ លើការរចនា iPad ដែលបានចុះបញ្ជីដោយ Apple នោះទេ។ ទោះជាមានការសម្រេចយ៉ាងនេះក្តី តែតុលាការបានផ្តល់ឱកាសឲ្យក្រុមហ៊ុន Apple ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចមួយនេះ។
Samsung ឈ្នះ Apple
- Tuesday, 10 July 2012 14:47
- យ៉ាន់ លីណា



































