ជាលទ្ធផលក្នុងកិច្ចប្រជុំវេទិការតំបន់អាស៊ានលើកទី១៩ គឺរដ្ឋមន្ត្រីការបរទេសបានអនុម័តលើផែនការសកម្មភាពឧត្តមមន្ត្រី និង បណ្តាសមាជិកទាំងអស់ បានអនុវត្តកន្លងមក ក្នុងនោះរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំអាស៊ីបូព៌ា ក៏បានយកចិត្តទុកដាក់ ទៅលើផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ២០១២ ឆ្នាំ២០១៣ ផងដែរ។នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស ដែលបានលើកឡើងនៅក្នុង សន្និសីទកាសែត នាព្រលប់ថ្ងៃទី១២កក្កដា។
លោកកៅគឹមហួន បានបន្តទៀតថា កិច្ចពិភាក្សារយៈពេលជាង៣ម៉ោង នៅក្នុងវេទិការតំបន់អាស៊ាន លើកទី១៩ បានយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗចំនួន ៦ ទី១-លើសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេស នៃវេទិការតំបន់អាស៊ាន ARF បានស្វាគមន៍ ជាពិសេសលើការកែទម្រង់ក្នុងប្រទេសមីយ៉ាន់ម៉ា។ ទី២-បណ្តាប្រទេសនៅក្នុងវេទិការតំបន់អាស៊ាន ដែលមាន២៧ប្រទេស រួមទាំងសហភាពអឺរ៉ុប បានគាំទ្រនូវតួនាទីស្នូលអាស៊ាន នៅក្នុងវេទិកាតំបន់ និង ចំណុច ទី៣-ទាក់ទងនឹងបញ្ហា ឧបទ្វីបកូរ៉េនេះ លោក កៅ គឹមហ៊ួនបានបញ្ជាក់ថា
ចំនែកឯចំណុចទី៤វិញ ក៏ជាចំណុចរសើបមួយផងដែរនោះគឺបញ្ហាទាក់ទងនឹងស្ថានភាពនៅសមុទ្រចិនខាងត្បូង។
ចំណុចទី៥-វេទិការតំបន់អាស៊ាន បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់មួយចំនួន ជាពិសេសបញ្ហានៅតំបន់អាស៊ីបូព៌ា ក៏ដូចជានៅមជ្ឈឹមបូព៌ានេះ។ ទី៦-បណ្តារដ្ឋមន្ត្រីការបរទេសតំបន់អាស៊ាន យកចិត្តទុកដាក់លើការគ្រប់គ្រងគ្រោះមហន្តរាយ ហើយជាពិសេស ធ្វើយ៉ាងណាពង្រឹងតួនាទីរបស់វេទិការតំបន់អាស៊ាន ក្នុងការចូលរួមចំណែកក្នុងការដោះស្រាយ ក៏ដូចជាឆ្លើយតប និង គ្រប់គ្រងគ្រោះមហន្តរាយ ពីព្រោះតំបន់អាស៊ីបូព៌ា ជាពិសេសតំបន់អាស៊ីអាគ្នេយ៍នេះ មានការងាយរងគ្រោះលើគ្រោះមហន្តរាយនេះ។
ចំពោះលទ្ធផលនៅក្រៅកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី១៩នោះ មានប្រទេសចិន បារាំង រុស្ស៊ី អាមេរិក និងអង់គ្លេស សហភាពអឺរ៉ុប ព្រមទាំងប្រទេសផ្សេងទៀត សរុបទាំងអស់មានចំនួន ៣០ ប្រទេស បានចូលរួមក្នុងសន្ធិសញ្ញាមិត្តភាព និង សហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍។
ពិធីចុះហត្ថលេខាជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ាន ១០ ប្រទេស លើសន្ធិសញ្ញា មិត្តភាព និង សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា TAC ដោយមានការផ្តួចផ្តើម ពីតំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង នយោបាយសន្តិសុខ ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស ជាសមាជិកសហភាពអឺរ៉ុប ដែលមាន ២៧ ប្រទេស។ អង់គ្លេស ជាប្រទេសមហាអំណាច នៃសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា សន្តិសុខ របស់អង្គការ សហប្រជាជាតិ ។ សន្ធិសញ្ញា មិត្តភាព និង សហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ ជាឯកសារសំខាន់ នៅក្នុងការគ្រប់គ្រង ទំនាក់ទំនង រវាងរដ្ឋ និង រដ្ឋ នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ក៏ដូចជាតំបន់ ទូទៅផងដែរ៕



































