ភ្នំជើងព្រៃដែលមានប្រវត្តិពីយូរលង់ណាស់មកហើយនោះ ឥឡូវនេះបានក្លាយទៅជា រមណីដ្ឋានមួយដ៏សែនមនោរម្យសម្រាប់បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរ។
អាស្រ័យដោយ លក្ខណៈភូមិសាស្ត្រអំណោយផល ភ្នំជើងព្រៃស្ថិតនៅចម្ងាយប្រមាណតែ២គ.ម ប៉ុណ្ណោះពីផ្លូវជាតិ លេខ៧ ជាប្រភេទផ្លូវគ្រួសក្រហម និង៥៦គ.ម ពីទីរួមខេត្តកំពង់ចាមស្ថិតនៅក្នុងភូមិរវៀង ឃុំរវៀង ស្រុកជើងព្រៃ។
ប្រសិនបើគេចង់ទៅទីនោះ អ្នកទេសចរទាំងឡាយអាចធ្វើដំណើរតាមរយៈរថយន្តធុនតូច ដោយប្រើរយៈពេលតែមួយម៉ោងប៉ុណ្ណោះពីក្រុងកំពង់ចាម។ ស្ទើរតែគ្រប់គ្នា អ្នកដែលបានទៅដល់ ភ្នំជើងព្រៃគេមានជំនឿថាភ្នំនេះមានវត្ថុសក្តិសិទ្ធិ និងទេសភាពដ៏ត្រកាល។ ប៉ុន្តែចំពោះអ្នកស្រុកនៅតំបន់នោះពួកគេមានជំនឿស៊ប់គោរពបូជាដោយការបន់ស្រន់ ហើយនិងធ្វើពិធីលាបំណន់ជាញឹកញាប់។
ទោះបើមានការប្រកាន់ជាប់នូវជំនឿដូច្នេះដ៏ដោយ ក៏បច្ចុប្បន្នភ្នំជើងព្រៃនៅតែជារមណីដ្ឋានទេសចរណ៍មួយដែលប្រជាពលរដ្ឋគ្រប់ស្រទាប់តែងទៅកំសាន្តសប្បាយពេលមានពិធីបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិយើងជាដើម។
តាមប្រសាសន៍លោកអ៊ុច អ៊ីម ប្រធានការិយាល័យវប្បធម៌ស្រុកជើងព្រៃបានឲ្យដឹងថា សព្វថ្ងៃនេះភ្នំជើងព្រៃបានក្លាយទៅជារមណីដ្ឋានមួយដ៏សែនមនោរម្យព្រោះ មានខ្យល់អាកាសល្អបរិសុទ្ធ។
លោកបានបន្ថែមទៀតថា តាមការឲ្យដឹងពីចាស់ៗជំនាន់មុនអ្នកដែលចង់ឡើងភ្នំជើងព្រៃនេះពួកគេត្រូវសួរឡើងតាមវល្លិ៍ដែលដុះវារព័ទ្ធជុំវិញភ្នំ។ លុះអំណឹះតមកពោលគឺ នៅឆ្នាំ១៩៩៣ភ្នំនេះក៏បានទទួលការរៀបចំកែលំអរជាថ្មីឡើងវិញគិតរហូតមកដល់សព្វថ្ងៃអស់ទឹកប្រាក់ប្រមាណជី១០០លានរៀល។
លោកមឿន មេត អាយុ៤០ឆ្នាំ អ្នកមើលថែរក្សាភ្នំ និងជាគ្រូទស្សន៍ទាយ និងព្យាបាលជម្ងឺដែលល្បីថាឆុតឆាបនោះបានឲ្យដឹងថា តាមការកត់សម្គាល់អ្នកដែលមកដល់ភ្នំនេះ ភាគច្រើនពួកគេច្រើនមកពីភ្នំពេញហើយមានតែមួយចំនួនប៉ុណ្ណោះដែលមកពីទីរួមខេត្តកំពង់ចាម និងស្រុកក្បែរៗ។ ភាគច្រើននៃអ្នកទាំងនេះមកដើម្បីស្វះស្វែងមើលជម្ងឺ ហើយនិងធ្វើការបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិ ជាច្រើនដូចតាក្រហមកជាដើម។
តាមការស្រាវជ្រាវប្រវត្តិភ្នំជើងព្រៃនេះ អ្នកស្រុកមួយចំនួនបានតំណាលតៗគ្នាថា ភ្នំនេះចែក ចេញជាពីរដាច់ពីគ្នា។ មួយស្ថិតនៅទិសខាងកើតហៅថាភ្នំស្រី ឬភ្នំធំ រីឯខាងលិចហៅថាភ្នំប្រុស ឬភ្នំព្រះបាទ។
នៅលើភ្នំស្រីមានប្រាសាទបុរាណធ្វើអំពីថ្មបាយក្រៀម ដែលគេគ្រប់គ្នាដឹងថាជាប្រាសាទភ្នំ ជើងព្រៃ កសាងក្នុងស.វទី១២ ប៉ុន្តែបច្ចុប្បន្នត្រូវបានបំផ្លិចបំផ្លាញបាក់បែកនៅសល់ប្រហែល៣០%។ តាមរយៈចម្លាក់នៅលើផ្តែរ ប្រាសាទភ្នំជើងព្រៃនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានទ្វាចូលចំនួនពីរ គឺខាងលិច និងខាងខាងកើត។
ប្រាសាទនេះពុំមានទ្វារបញ្ឆោទនោះទេតែមានបង្អួចពីរនៅសងខាងទ្វារចូលខាងកើត។ នៅខាងមុខទ្វារចូលខាងកើតយើងឃើញមានជញ្ជាំងឥដ្ឋបែបជាសរសរអមសងខាងទំនងជាសាងសង់សម័យក្រោយមកទេ?។
តាមការប៉ាន់ស្មានរបស់ខ្ញុំបាទគិតថា ប្រាសាទភ្នំជើងព្រៃនេះមានលក្ខណៈជាប្រាសាទមានរោងដូចដែលឃើញនាពេលបច្ចុប្បន្ននេះ តែរោងនោះទំនងជាសាងសង់ពីថ្មបាយក្រៀមដូចជាប្រាសាទ និងមានខ្លោងទ្វារប្រកបដោយសរសរពេជ្រ និងផ្តែរចូលដ៏ស្រស់ស្អាត នេះបើតាមការសង្កេតឃើញមានសរសរ និងផ្តែរនៅសេសសល់នៅលើនោះ។
ទោះបីជាប្រាសាទនេះឧទ្ទិសដល់ព្រហ្មញ្ញសាសនាក៏ពិតមែន ក៏ប៉ុន្តែបច្ចុប្បន្ននេះក្នុងប្រាសាទមានដំកល់នូវព្រះពុទ្ធរូបជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទ្ធគ្រប់ទិសទី ដែលមកកាន់ទីដ្ឋានដ៏ពិសិទ្ធនេះ។
នៅលើភ្នំស្រីនេះ ពីខាងមុខមានដានជើងមនុស្សលើផែនថ្ម អ្នកស្រុកហៅថា ដានជើងតាព្រេង។ ចំណែកត្រង់ទិសឥសានមានដីរាបស្មើរធេង គេហៅថាកន្លែង ឃុនឆាង។ ទិសបច្ចឹមគុកគុហា មានរន្ធថ្មមួយប៉ុនប្រាក់រៀល គេហៅថារន្ធឡូតាព្រេង។
ម្យ៉ាងវិញទៀត ជុំវិញបរិវេណភ្នំនោះមានកំពែងធ្វើដោយថ្មបាយក្រៀមដែលមួយដុំៗមានទំហំ ៤មx៦ម។ តាមចាស់ បុរាណ កំពែងថ្មនេះលោកថាមានដល់ទៅ៧ជាន់ ដែលជាស្នាដៃបុព្វបុរសយើងកសាង។ សព្វថ្ងៃនេះ កំពែងបែកបាក់អស់នៅសល់តែដុំៗតែប៉ុណ្ណោះ។
ភ្នំស្រី ឬភ្នំធំនេះមានជណ្តើរឡើង៣ ពីទិសខាងជើង ខាងត្បូង និងខាងកើត ដែលមាន កំពស់ ប្រមាណ៤០ម។ ចំណែកខាងភ្នំប្រុស ឬភ្នំព្រះបាទមានកំពស់៣០ម រថយន្តអាចឡើងដល់កំពូល ភ្នំបាន មូលហេតុដែលគេហៅថាភ្នំព្រះបាទគឺដោយសារមានពុទ្ធបាទដែលបានបន្សល់ដល់បច្ចុប្បន្ននេះ។
គួរឲ្យឆ្ងល់ណាស់ថា នៅលើភ្នំស្រីមានប្រាសាទបុរាណដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប៉ុន្តែ នៅលើភ្នំស្រីបែរជាមានពុទ្ធបាទតាំងពីបុរាណបានបន្សល់នៅលើភ្នំប្រុសនោះទៅវិញ ម្យ៉ាងវិញទៀត គេសង្កេតឃើញថាមានផ្តែរប្រាសាទនៅលើភ្នំប្រុសនោះផងដែរ ដូច្នេះមានន័យថា នៅលើភ្នំប្រុសក៏មានប្រាសាទមួយផងដែរ។
តាមការសន្និដ្ឋានរបស់ខ្ញុំបាទគិតថា ប្រាសាទនៅលើភ្នំប្រុសនោះក៏ទំនងជាសាងសង់ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាផងដែរ តែដោយសារការបាក់បែកខ្ទេចខ្ទាំ រឺដោយសារវិវាទសាសនា? ធ្វើឲ្យពុទ្ធបរិស័ទកសាងព្រះវិហារនៅលើភ្នំនោះវិញ ហើយកសាងពុទ្ធបាទជាទីគោរពបូជា។ យ៉ាងណាមិញពុទ្ធបាទនោះមិនមែនទើបតែកសាងនោះទេ តែប្រហែលជាកសាងនៅក្នុងសម័យ អង្គរ រឺក្រោយអង្គរមកម្លេះ(សម័យលង្វែក?)។
ដោយសារការខ្វះខាតនូវចំណេះដឹង និងឯកសារធ្វើឲ្យការសន្និដ្ឋានរបស់ខ្ញុំបាទពុំប្រាកដថាត្រឹមត្រូវនោះឡើយ ប្រសិនមានឳកាស ឬមានអ្នកស្រាវជ្រាវ ណា បានស្វែងរកឬសគល់ នៃប្រាសាទនេះប្រាកដជាល្អជាក់ជាពុំខាន ត្បិតសមត្ថភាពរបស់ខ្ញុំបាទនៅមានកម្រិតនៅឡើយ។ ក្នុងនោះដែររវាតភ្នំទាំងពីរនេះមានចម្ងាយពីគ្នា៥០០ម។
ឧបាសក ឧបាសិកាដែលមានជំនឿមុតមាំលើផ្លូវព្រះពុទ្ធសាសនា តែងតែនាំយកទឹកទៅចាក់ត្រង់ស្នាមព្រះបាទ នៅលើផ្ទាំងសិលាធំ លុះទឹកនោះហូរហៀរមកវិញ គេយកផ្តិល ឬចានត្រង់យកទៅផ្ទះទុកផ្ញើរកូនចៅ គ្រាន់បានលុបមុខ និងទទួលទាន។
គេបាននិយាយថា កាលដើមឡើយមនុស្សស្រីនិងប្រុសបានភ្នាល់គ្នាលើកភ្នំនេះ ដូចរឿង ភ្នំប្រុស ភ្នំស្រីនៅកំពង់សៀមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះរណ្តៅដីនៅភ្នំស្រី ដែលស្រីៗជីកយកមក ធ្វើភ្នំក្លាយទៅជាស្រះធំមួយមានទឹកខួបប្រាំងខួបវស្សា ហៅថាស្រះទឹកព្រះ។
រីឯរណ្តៅនៅជិតភ្នំប្រុស ដែលខាងប្រុសជីកយកដីមកធ្វើជាភ្នំក្លាយទៅជាស្រះធំមួយដែរ ប៉ុន្តែគ្មានទឹកខួបប្រាំងខួបវស្សាឡើយ ហើយគេឲ្យឈ្មោះថាស្រះកំពែងស្ងួត។
សព្វថ្ងៃនេះស្រះទឹកព្រះនៅល្អដូចដើម និងមានទឹកថ្លាឆ្វេងជាទីអាស្រ័យនៃពួកមច្ឆាជាតិ និង មានផ្កាឈូកដុះរីកស្គុះស្គាយដេរដាស ប្រៀបបាននឹងបឹងតូចមួយគួរជាទីគយគន់ក្រៃលែង។
រីឯរណ្តៅ ដីដែលប៉ែកខាងបុរស ជីកយកមកធ្វើភ្នំហើយក្លាយទៅជាស្រះមួយធំ ឈ្មោះកំពែងស្ងួតនោះ មានទំហំ ប្រមាណ១០០ម បួនជ្រុងស្មើមិនដែលមានទឹកទេ ទោះបីខែវស្សាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ ដោយ។
គួរឲ្យឆ្ងល់ណាស់ស្រះទាំងពីរនេះស្ថិតនៅឆ្ងាយពីគ្នាមិនដល់១០០ម ផង ម៉េចក៏ស្រះមួយមាន ទឹកមិនចេះរីង ឯស្រះមួយទៀតរីងមិនចេះមានទឹកដូច្នេះ។ ប៉ុន្តែតាមការដំណាលរបស់តាៗ បានឲ្យដឹង ថាការដែលស្រះខាងប្រុសស្ងួតដូច្នេះ ព្រោះត្រូវបណ្តាសារបស់ពួកស្រីៗ។
នៅខាងទិសពាយ័ព្យ ជិតស្រះទឹកព្រះ មានកូនស្រះមួយតូចទំហំ៥០ម បួនជ្រុង ជម្រៅ៤ម គេហៅថាស្រះលាងជើង ព្រោះ មុនពេលឡើងភ្នំ គេតែងទៅលាងជើងនៅស្រះនោះ។

































