លោកប្រធានាធិបតីជប៉ុន Yoshihiko Noda បានធ្វើការអំពាវនាវដល់ប្រទេសចិនធានាសុវត្ថិភាពប្រជាជនជប៉ុនដែលកំពុងរស់នៅប្រទេសចិន ព្រោះមានអ្នកតវ៉ាចិនរាប់ពាន់នាក់កំពុងធ្វើការតវ៉ាប្រឆាំងនឹងប្រទេសជប៉ុនយ៉ាងខ្លាំងខ្លាបំផុតទាក់ទងនឹងជម្លោះដែនកោះដែលជប៉ុនហៅ ថាសេនកាកូ និងចិនហៅថា ដាវយូនោះ។
លោក Yoshihiko Noda បាននិយាយថា “យើងចង់ឲ្យប្រទេសចិនមើលការខុសត្រូវនិងគ្រប់គ្រង់ស្ថានភាពដែលកំពុងតែកើតឡើងដោយយ៉ាងហោចណាស់ សន្តិសុខប្រជាជនជប៉ុនទាំងអស់ក្នុងប្រទេសចិនគឺមិនស្ថិតក្នុងសភាពគ្រោះថ្នាក់”។
បើយោងតាមសារព័ត៌មានរបស់ចិនកាលពីថ្ងៃសៅរបានឲ្យដឹងថា ក្រុមអ្នកតវ៉ាមានទឹកមុខពោពេញទៅដោយកំហឹងជាច្រើនបានព្យាយាមវាយប្រហារលើស្ថានទូតប្រទេសជប៉ុនប្រចាំក្នុងប្រទេសចិន។
ចំណែកព័ត៌មានពីប្រទេសជប៉ុនវិញក៏បានរាយការណ៏នៅថ្ងៃអាទិត្យនេះថាក្រុមអ្នកតវ៉ាចិនប្រឆាំងនឹងប្រទេសជប៉ុនបានកើនឡើងដល់៥០ទីក្រុងទៅហើយ។ ទីតាំងរោងចក្ររបស់ជនជាតិជប៉ុនចំនួន១០រូមបញ្ជូលទាំងក្រុមហ៊ុន Panasonic ផងនោះស្ថិតនៅក្នុងភាគឥសាននៃប្រទេសចិនគឺជាគោលដៅរបស់ក្រុមបាតុករដើម្បីធ្វើការតវ៉ា។ក្នុងនោះក្រុមអ្នកតវ៉ាបានធ្វើការបំផ្លាញ់សំភារៈរបស់រោងចក្រ និង ធ្វើឲ្យមានអគ្គិភ័យកើតឡើងផងដែរ។
គួរបញ្ជាក់ថា ភាពតានតែងរវាងប្រទេសជប៉ុន និង ប្រទេសចិនទាក់ទងនឹងជម្លោះដែនកោះនោះបានកើនឡើងកាន់តែខ្លាំងថែមទៀតបន្ទាប់ពីប្រទេសជប៉ុនបានប្រកាសថា ខ្លួនបានទិញកោះដែលកំពុងមានជម្លោះដែលជប៉ុនបានហៅថា Senkaku នោះតែចិនដែលហៅកោះនោះថា Diaoyu បានធ្វើការប្រឆាំងយ៉ាងខ្លាំងទាក់ទងនឹងបញ្ហានេះ៕(ដោយអ៊ុន រស្មី)

































